ខេត្តកណ្តាល÷មន្ត្រីនគរបាលនៃការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងនូវរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជនសង្ស័យជាជនជាតិចិន និងខ្មែរ៣ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពហែកឯកសាររបស់តុលាការ និងលួចដឹកដែកចេញពីរោងចក្រដែលកំពុងជាប់បម្រាមរក្សាការពារ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ ទី៣ ធ្នូ ២០២៥ វេលាម៉ោង ៨ព្រឹក នៅចំណុចក្រុមហ៊ុនដែកហុងវ័ង ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ ខ្លួនទាំង ៣នាក់រួមមានទី១ ឈ្មោះ LIU HONGWEI ភេទ ប្រុស អាយុ ២៨ឆ្នាំជនជាតិចិន ជាអ្នកគ្រប់គ្រង, ទី២ ឈ្មោះ ប៉ាក វ៉ាន់នេត្រា ភេទ ប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ ជាអ្នកបើកបរ និងទី៣ឈ្មោះ ស៊ឹម ទី ភេទ ប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ ជាអ្នកបើកបរ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ LOU XIAOPINGភេទ ប្រុស អាយុ ៥៤ឆ្នាំ ជនជាតិចិន បានរត់គេចខ្លួនបាត់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរថយន្ដកុងតឺន័រចំនួន២គ្រឿង(១គ្រឿងម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-4868 និង១គ្រឿងទៀតម៉ាក Hyundai ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 3G-8606), ដុំដែកស័ង្កសីចំនួន ១០ដុំធំ និងទូរស័ព្ទដៃចំនួន ៣គ្រឿង។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរង គ្រោះឈ្មោះ TAN FEIHONG ភេទស្រី អាយុ ៤៧ឆ្នាំដែលជាថៅកែរោងចក្រ កំពុងនៅខេត្តកំពង់ស្ពឺទទួលបានដំណឹងពីកម្មករថាមានរថយន្តកុងតឺន័រចំនួន ៥ គ្រឿងបានចូលមកដឹកទំនិញចេញពីឃ្លាំងរោងចក្រហុងវ័ង ដែលកំពុងស្ថិតក្រោមការរក្សាការពាររបស់តុលាការ ព្រមទាំងបានហែកឯកសារដីកា ដែលបិទនៅជញ្ជាំងចោលទៀតផង។ ភ្លាមនោះជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច និងធ្វើដំណើរមកកន្លែងកើតហេតុ ក៏ឃើញរថយន្ត២គ្រឿងដឹកឥវ៉ាន់ចេញ និង២គ្រឿងទៀតកំពុងស្ទូចឥវ៉ាន់ដាក់ ទើបកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងមកសាកសួរតែម្តង។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ LIU HONGWEI និងបក្ខពួកដែលគេចខ្លួន ពិតជាបានហៅរថយន្ដមកដឹកដែកចេញចំនួន ១០ដុំពិតមែន។ ចំណែកតៃកុងរថយន្តទាំងពីរនាក់បានសារភាពថាខ្លួនគ្រាន់តែស៊ីឈ្នួលដឹកឲ្យគេប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំ រឿងដើម្បីចាត់ការតាមនីតិវិធី ៕










