ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២៥នេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា អនុវត្ដតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះឃាត់បុគ្គលម្នាក់ដែលពោរពេញដោយសារធាតុញៀន ហើយបានគំរាមកំហែងដល់ក្រុមគ្រួសារនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះនៅចំណុចភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។
លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកបានឱ្យដឹងថា នៅថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២៥បុគ្គលដែលបានធ្វេីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ មានឈ្មោះ ឯម សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពយកចានបោកខ្ទេចខ្ទី ។ យុវជនខាងលើនេះជាកូនបង្កើតជនរងគ្រោះ ឈ្មោះ គ្រី ថា ភេទស្រី អាយុ ៥០ឆ្នាំ។
ស្ត្រីជាម្ដាយបានឱ្យដឹងថា មូលហេតុទាមទាររកប្រាក់ទិញថ្នាំ និងដោយសារតែរូបគាត់បានស្ដីបន្ទោសថាឲ្យពីរឿងរកម្ហូបដើម្បីហូបបាយផងដែរ។ កន្លងមកកូនរបស់គាត់តែងតែគំរាមគំហែងថានឹងសម្លាប់ឪពុកម្ដាយរបស់ខ្លួនឯង បន្ទាប់ពីបានយកទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន១លើករួចមកមិនកែទេ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានប្រាប់ថា គេត្រូវការគ្រឿងញៀនមិនត្រូវការបាយម្ហូបអីទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានម្ដាយស្នេីសុំសមត្ថកិច្ចចាត់ ការតាមនីតិវិធី ព្រោះថៃ្ងណាមួយប្រាកដជានឹងអាចបង្កេីតព្រឹត្ដិការណ៍ករណីមនុស្សឃាតជាក់ជាមិនខាង ៕










