រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក Pete Hegseth បានការពារយុទ្ធនាការប្រឆាំងនឹងកប៉ាល់ដឹកគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីន ដោយនិយាយថា លោកប្រធានាធិបតី Donald Trump “មានសិទ្ធិអំណាចដាច់ខាតក្នុងការចាត់វិធានការយោធានៅពេលចាំបាច់”។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃសៅរ៍ ទី៦ ខែធ្នូ បាននិយាយថារូបលោកគាំទ្រការសម្រេចចិត្តមួយកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ ដែលបញ្ជាឱ្យ បើកការវាយប្រហារលើកទី២ លើទូកសង្ស័យដឹកគ្រឿងញៀនមួយគ្រឿងនៅក្នុងតំបន់ Caribbean ក្រោយការវាយប្រហារលើកទី១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅឯវេទិកា Reagan National Defense Forum ក្នុងទីក្រុង Simi Valley រដ្ឋ California លោក Hegseth បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគាំទ្រពេញទំហំចំពោះការវាយប្រហារនោះ»។
កាសែតអាមេរិក Washington Post កាលពីពេលថ្មីៗនេះបានរាយការណ៍ថាការវាយប្រហារមួយជាលើកទី២ត្រូវបានបង្គាប់ឱ្យសម្លាប់មនុស្ស២នាក់ដែលនៅរស់រានមានជីវិតពីការវាយប្រហារលើកទី១ ហើយនេះជាការអនុវត្តតាមបទបញ្ជារបស់លោក Hegseth ដែលថាកុំទុកឱ្យជនសង្ស័យណាម្នាក់នៅមានជីវិត។ ចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីរបស់រដ្ឋបាលលោក ត្រាំបាននិយាយថាលោក Hegseth មិនបានចេញបញ្ជាដោយផ្ទាល់ឱ្យមានការវាយប្រហារបន្ថែមទេ ហើយថាឧត្តមនាវី លោក Frank Bradley ដែលដឹកនាំទីបញ្ជាការប្រតិបត្តិការួម ជាអ្នកសម្រេចចិត្តថាបំណែកបែកបាក់នៃទូក ដែលរងការវាយប្រហារលើកទី១នោះត្រូវតែកម្ទេចចោលពីព្រោះអាចមានផ្ទុកសារធាតុកូកាអ៉ីន។
លោក Hegseth កាលពីថ្ងៃសៅរ៍បាននិយាយថាលោកបានអង្គុយមើលការដឹកនាំការវាយប្រហារលើកទី១ លើទូកសង្ស័យដឹកគ្រឿងញៀនកាលពីថ្ងៃទី២ ខែកញ្ញា ប៉ុន្តែលោកបានដើរចេញពីបន្ទប់ដើម្បី ចូលរួមកិច្ចប្រជុំមួយផ្សេងទៀត។ លោកប្រមុខការពារជាតិមិនព្រមនិយាយថាតើរដ្ឋបាលលោក ត្រាំ នឹងបញ្ចេញវីដេអូទាំងស្រុងដែរឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែឱ្យដឹងថាបញ្ហាកំពុងស្ថិតក្រោម ការត្រួតពិនិត្យឡើងវិញ។
ការវាយប្រហារកាលពីថ្ងៃទី២ ខែកញ្ញា គឺជាការវាយប្រហារលើកដំបូងរបស់យោធាធអាមេរិកក្នុងចំណោមការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន ២២គ្រឿងក្នុងតំបន់ Caribbean និងប៉ាស៊ីហ្វិកដែលមកទល់នឹងពេលនេះបានសម្លាប់មនុស្សយ៉ាងហោច ៨៧នាក់។ ក្នុងការវាយប្រហារនៅពេលនោះយោធាអាមេរិកបានវាយប្រហារដល់ទៅ ២លើកទូកមួយគ្រឿង បន្ទាប់ពីការវាយប្រហារ លើកទី១ បានបន្សល់ទុកមនុស្ស២នាក់នៅរស់រានមានជីវិត។ ការវាយប្រហារលើកទី២នេះកំពុងបង្កឱ្យមានការចោទសួរថាតើការវាយប្រហាររបស់យោធាអាមេរិកអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម ឬក៏យ៉ាងណា៕
រូបថត: Reuters










