សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ បានផ្សាយថា មន្រ្តីរដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៉ី បាននិយាយថា កោះស៊ូម៉ាត្រានឹងត្រូវការថវិកា៥១.៨២ទ្រីលានរូពីឥណ្ឌូណេស៉ី ឬស្មើនឹង៣.១១ពាន់លានដុល្លារ សម្រាបកិច្ចប្រឹងប្រែងស្តារនិងស្ថាបនាឡើងវិញ ក្រោយការវាយប្រហារពីគ្រោះទឹកជំនន់ដ៏អាក្រក់។
ទិន្នន័យផ្លូវការបានបង្ហាញថា តួលេខមនុស្សស្លាប់ដោយសារទឹកជំនន់និងបំណាក់ដី ដែលបង្កឡើងដោយព្យុះ បានកើនដល់ ៩៥០នាក់ គិតត្រឹមថ្ងៃចន្ទនេះ ហើយមាន២៧៤នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ ព្យុះភ្លៀងក៏បានសម្លាប់មនុស្សសរុបប្រហែល ២០០នាក់ នៅភាគខាងត្បូងប្រទេសថៃ និងនៅប្រទេសម៉ាឡេស៉ី ផងដែរ។
លោក Suharyanto ប្រធានទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា ថវិកាដែលចាំបាច់សម្រាប់ខេត្តចំនួន៣ រួមមាន Aceh, North Sumatra និង West Sumatra អាចនឹងកើនឡើងថែមទៀត ស្របពេលដែលទីភ្នាក់ងារ បន្តគណនាទំហំនៃការខូចខាត ដែលបង្កឡើងទឹកជំនន់ នាពេលកន្លងមកនេះ។
តាមលោក Suharyanto ក្នុងចំណោមខេត្តរងគ្រោះទាំង៣ ខេត្ត Aceh នឹងត្រូវថវិកាច្រើនជាងគេ គឺចំនួន២៥.៤១ទ្រីលានរូពី ខណៈខេត្ត North Sumatra ត្រូវការ១២.៨៨ទ្រីលានរូពី ហើយខេត្ត West Sumatra ត្រូវការ ១៣.៥២ទ្រីលានរូពី៕
រូបថត:AP










