ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រូពេទ្យត្រូវពង្រឹងការអនុវត្តនូវយុទ្ធសាស្រ្ត និងសកម្មភាពសង្រ្គោះព្យាបាលជាមុន ដើម្បីឆ្លើយតបនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ ក្នុងករណីចាំបាច់ អ្នកជំងឺត្រូវបញ្ជូនមកមណ្ឌលសុខភាពណាមួយ មិនថានៅតាមបណ្ដាខេត្ដ ស្រុក ឃុំ ឬរាជធានីនោះឡើយ ។
លោកបានដាក់បទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដែលក្នុងនោះបានផ្តោតលើការឆ្លើយតបទៅនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ នារសៀលថ្ងៃចន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។
លោកបានផ្តោតសំខាន់លើការអនុវត្តឡើងវិញនូវផែនការយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងស្ថានភាពនៅព្រំដែន និងបានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ សហការឱ្យបានស្អិតរមួតជាមួយមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ក្នុងការរៀបចំឆ្លើយតបទាន់ពេលវេលាឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហា គ្រប់គ្រងស្ថានភាព ផលប៉ះពាល់ទីតាំងនិងសុខភាពប្រជាពលរដ្ឋ វីរកងទ័ព មធ្យោបាយនៃដោះស្រាយបញ្ហា ដើម្បីធានាយ៉ាងណាការជួយសង្រ្គោះបានទាន់ពេលវេលា ការបញ្ជូនចំគោលដៅ និងមានប្រសិទ្ធភាព។
លោកសាស្រ្តាចារ្យ ក៏បានណែនាំដូចជា៖ ១) ត្រៀម និងពង្រឹងការឆ្លើយតបបន្ទាន់ (emergency response) ទៅនឹងស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ដោយសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធទាំងអស់។ ២) ថ្នាក់ដឹកនាំគ្រប់លំដាប់ត្រូវពង្រឹងការប្រាស្រ័យទាក់ទងតាមរយៈ risk communication ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។ ៣) រៀបចំលក្ខណៈឱ្យបានលម្អិតនិងច្បាស់លាស់ ក្នុងការត្រៀមលក្ខណៈដូចជា ឱសថ សម្ភារបរិក្ខារពេទ្យ តម្រូវការឈាម និងក្រុមគ្រូពេទ្យជំនាញ។ ៤) មន្រ្តីសុខាភិបាល ក៏ត្រូវចេះការពារខ្លួន ក្នុងករណីកើតមានជាយថាហេតុណាមួយកើតឡើង។ ៥) មូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខភាពដែលមានគុណភាព គិតគូរអំពីសុខភាពផ្លូវចិត្ត ជាពិសេសសុខភាពមាតា ទារក និងកុមារ។
សូមបញ្ជាក់ថា កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ដ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្តទាំងអស់ផងដែរ៕
ដោយ សំរិត










