ទិន្នន័យពីអង្គការឃ្លាំមើលការប្រែប្រួលអាកាសធាតុរបស់អឺរ៉ុបបង្ហាញថា សីតុណ្ហភាពជាមធ្យមសកលនៅតែបន្តខិតជិតកម្រិត ១,៥អង្សាសេ ដែលជាឆ្នាំទីបីជាប់ៗគ្នាដែលភពផែនដីបានឡើងកំដៅលើសពីកម្រិតសុវត្ថិភាពដែលកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សេវាបម្រែបម្រួលអាកាសធាតុ Copernicus (C3S) របស់សហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃអង្គារនេះថា ឆ្នាំ២០២៥ អាចនឹងក្លាយជាឆ្នាំក្ដៅបំផុតទី២ ឬទី៣ ក្នុងកំណត់ត្រាពិភពលោក ដោយអាចនៅពីក្រោយតែកំណត់ត្រាក្ដៅបំផុតរបស់ឆ្នាំ២០២៤ ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
C3S បានបញ្ជាក់ថា ឆ្នាំនេះទំនងជានឹងបញ្ចប់រយៈពេល ៣ឆ្នាំដំបូង ដែលសីតុណ្ហភាពមធ្យមពិភពលោកកើនឡើងលើសពី ១.៥អង្សាសេ ធៀបនឹងសម័យមុនឧស្សាហកម្ម (១៨៥០-១៩០០)។ លោកស្រី សាម៉ាន់ថា ប៊ឺហ្គេស (Samantha Burgess) មន្ត្រីជាន់ខ្ពស់នៅ C3S បានសង្កត់ធ្ងន់ថា «ព្រឹត្តិការណ៍ទាំងនេះមិនមែនជារឿងអរូបីទេ..វាឆ្លុះបញ្ចាំងពីល្បឿននៃការប្រែប្រួលអាកាសធាតុដែលកំពុងកើនឡើង»។
អាកាសធាតុអាក្រក់បានបន្តវាយប្រហារពិភពលោក ដូចជាព្យុះទីហ្វុង Kalmaegi នៅហ្វីលីពីនដែលសម្លាប់មនុស្សជាង ២០០នាក់ និងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅអេស្ប៉ាញ។ របាយការណ៍នេះកើតឡើងក្រោយកិច្ចប្រជុំ COP30 បរាជ័យក្នុងការចេញវិធានការថ្មីៗ ខណៈអាមេរិកកាត់បន្ថយការខិតខំប្រឹងប្រែងរបស់ខ្លួន។
អង្គការសហប្រជាជាតិ (UN) បានព្រមានថា គោលដៅកំណត់កំដៅត្រឹម ១.៥អង្សាសេ ទំនងជាមិនអាចសម្រេចបានទៀតទេ ហើយបានជំរុញឱ្យរដ្ឋាភិបាលនានាកាត់បន្ថយការបំភាយឧស្ម័នឱ្យបានលឿនជាងមុន៕
រូបថត: Reuters










