កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នាំមកនូវកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ សម្រាប់តំបន់ និងពិភពលោក ក្នុងយុគសម័យនៃការបើកចំហកម្រិតខ្ពស់

ចែករំលែក៖

អន្តរជាតិ ៖ ស្របពេលដែលប្រទេសចិន កំពុងឆ្ពោះទៅរកយុគសម័យថ្មីនៃការបើកចំហកម្រិតខ្ពស់ ការបើកដំណើរការជាផ្លូវការនូវប្រតិបត្តិការពន្ធគយពិសេសនៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលនឹងចូលជាធរមាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងពហុភាគីនិយម។

ក្នុងនាមជាអង្គភាព សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបាននិងកំពុងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ស្ថាប័ន និងពន្លឿនការបើកចំហកម្រិតខ្ពស់ ផ្អែកលើស្មារតីនៃផែនការប្រាំឆ្នាំ ទី១៤ (២០២០-២០២៥) និងផែនការប្រាំឆ្នាំ ទី១៥ (២០២៦-២០៣០)។ ការដាក់ចេញនូវប្រតិបត្តិការពន្ធគយពិសេស នឹងនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

ចាប់តាំងពីការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ មក កោះហៃណានបានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៃទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះការបើកចំហកម្រិតខ្ពស់។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ កោះហៃណានបានទាក់ទាញវិនិយោគិនមកពីប្រទេស និងតំបន់ចំនួន ១៧៦ សរុបជាទឹកប្រាក់ប្រមាណ ១០២,៥ ពាន់លានយ័ន (១៤,៤៧ ពាន់លានដុល្លារអាមេរិក)។ នៅឆ្នាំ២០២៤ ការនាំចូល និងការនាំចេញសរុបរបស់កោះហៃណាន បានឈានដល់ ២៧៧,៦៥ ពាន់លានយ័ន កើនឡើងស្ទើរបីដងនៃឆ្នាំ២០២០។

តាមពិតទៅ ការបើកចំហបស់កំពង់ផែហៃណាន បាននាំមករួចហើយនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ពាណិជ្ជកម្មឆ្លងដែន។ តួយ៉ាង ផ្លូវដឹកជញ្ជូនយ៉ាងពូ-ឆាន់កៃ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងប្រទេសចិន និងអាមេរិកខាងត្បូង និងអនុញ្ញាតឱ្យត្រីទីឡាព្យារបស់ហៃណានអាចទៅដល់ទីផ្សារក្រៅប្រទេសបានលឿនជាងមុន ខណៈផ្លែបឺររបស់ប្រទេសប៉េរូ អាចចូលទៅកាន់ទីផ្សារចិនបានស្រស់ជាង និងក្នុងតម្លៃទាបជាងមុន។

ទន្ទឹមនឹងនេះ គណនីពាណិជ្ជកម្មសេរីពហុមុខងារ បានពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុ ខណៈការពង្រីកជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងឡូជីស្ទីក បានកែប្រែកោះហៃណានឱ្យក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងពិភពលោក។

តាមរយៈសមិទ្ធផល និងកិច្ចប្រឹងប្រែងទាំងនេះ ការអនុវត្តពន្ធគយពិសេស ក្រោមប្រព័ន្ធពន្ធគយពីរជាន់ នឹងធ្វើឱ្យកោះហៃណានក្លាយទៅជាក្បាលម៉ាស៊ីនថ្មីនៃការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហើយនឹងផ្តល់សន្ទុះថ្មីសម្រាប់កំណើនសកលប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ក្នុងបរិបទនៃការកើនឡើងគោលនយោបាយគាំពារនិយម និងភាពមិនប្រាកដប្រជាសកល ការធ្វើឱ្យស៊ីជម្រៅនូវតំបន់ពាណិជ្ជកម្មសេរីហៃណាន បានផ្ញើសារយ៉ាងច្បាស់ដល់សហគមន៍អន្តរជាតិថា ការបើកចំហកម្រិតខ្ពស់របស់ចិន នឹងផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ពោលគឺគ្រប់ប្រទេសជាដៃគូរបស់ចិនអាចទទួលបាននូវបរិយាកាសអំណោយផល ដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារចិន។

ជារួម ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន មិនត្រឹមតែជាភាពជោគជ័យរបស់ប្រទេសចិនប៉ុណ្ណោះទេ តែក៏នាំមកនូវកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់តំបន់ និងពិភពលោកផងដែរ។ ក្នុងយុគសម័យថ្មីនៃការបើកចំហកម្រិតខ្ពស់របស់ចិន កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងចាក់បញ្ចូលនូវកម្លាំងថ្មីដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចសកល។

...

ដោយ ៖ លោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print