ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ប្រគល់ជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង។

បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយ នូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួល ព្រះរាជទ្រព្យ ចំនួន 100.000USD (មួយរយពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយដល់ប្រជារាស្ត្រ ភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត បណ្តាលមកពីសង្គ្រាមឈ្លានពាននៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានព្រះរាជទ្រព្យជួយដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ។

ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហា ប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោន តរៀងទៅ»៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print