ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាក FAW BESTUNE T90
ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយចុងខាងលិច ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក FAW BESTUNE T90 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា GGTA.168 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រា ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរលាត់ថ្នាំក្រពឹតតិចតួច ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះដែរសមត្ថកិច្ចបានឃាត់អ្នកបើករថយន្តបង្កយកទៅសួរនាំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ










