ល្បឿនចិនក្នុងការ ផលិតកង់រថភ្លើងល្បឿនលឿន

ចែករំលែក៖

អន្តរជាតិ ៖ តើត្រូវ ចំណាយពេលយូរប៉ុន្មានដើម្បីប្រែក្លាយដែកប៊ីលឡេតទៅជាកង់រថភ្លើងល្បឿនលឿន “Fuxing” ដែលស្របនឹងស្តង់ដារ? នៅលើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបរិក្ខារគមនាគមន៍ផ្លូវដែកឧស្សាហកម្មធ្ងន់Taiyuan បានផ្តល់ចម្លើយ គឺ ៥២ វិនាទី។

នៅលើខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិទាំងស្រុង ក្រុមដៃរ៉ូបូតដែលអាចបត់បែនបានមួយក្រុមដំណើរការយ៉ាងរលូន និងទៀងទាត់ក្នុងការចាប់យក ដឹកជញ្ជូន កែច្នៃ និងរមៀលបន្ទះដែកក្តៅក្រហម។ ក្នុងរយៈពេលតិចជាងមួយនាទី កង់រថភ្លើង “Fuxing” ដែលមានទម្ងន់ជាង ៥០០ គីឡូក្រាមត្រូវបានផលិតដោយជោគជ័យ។

កាលពីមុន អ័ក្សកង់រថភ្លើងល្បឿនលឿន គឺជាឧបសគ្គចម្បងមួយក្នុងការអភិវឌ្ឍឧស្សាហកម្មរថភ្លើងល្បឿនលឿនរបស់ប្រទេសចិន។ បេសកកម្មនៃការបំបែកការបំបិទបានធ្លាក់មកលើស្មារបស់ក្រុមហ៊ុនបរិក្ខារគមនាគមន៍ផ្លូវដែកឧស្សាហកម្មធុនធ្ងន់Taiyuan។ នៅពេលដែលចាប់ដំណើរការជាផ្លូវការនូវ គម្រោងស្រាវជ្រាវ និង អភិវឌ្ឍអ័ក្សកង់រថភ្លើងល្បឿនលឿននៅឆ្នាំ ២០០៩ ក្រុមស្រាវជ្រាវ និងអភិវឌ្ឍមិនមានទិន្នន័យយោង ឬគំរូស្នូលទេ ហើយអាចរៀនបានតែតាមរយៈបទពិសោធមកពីការបរាជ័យម្តងហើយម្តងទៀត។ នៅរដូវក្តៅឆ្នាំ ២០១៥ អ័ក្សកង់រថភ្លើងល្បឿន ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលផលិតក្នុងស្រុកបានរំកិលចេញពីខ្សែសង្វាក់ផលិតកម្មដោយជោគជ័យ។

នៅក្នុង ខែមិថុនា ឆ្នាំ ២០១៧ នៅពេលដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុមហ៊ុនបរិក្ខារគមនាគមន៍ផ្លូវដែកឧស្សាហកម្មធុនធ្ងន់Taiyuan។ លោកបានចង្អុលបង្ហាញថា យើងគួរតែគាំទ្រសហគ្រាសក្នុងការច្នៃប្រឌិតខាងទម្រង់ឧស្សាហកម្ម និងផ្តោតលើស្តង់ដារកម្រិតខ្ពស់ទាំងក្នុងជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ កម្រិតបច្ចេកវិទ្យាផលិតផល ឧបករណ៍ផលិត ប្រសិទ្ធភាពថាមពល និង ការពារបរិស្ថានដោយគ្រប់ជ្រុងជ្រោយ។

លោក Lu Shucheng អនុប្រធានក្រុមហ៊ុនបានថ្លែងថា “អនុសាសន៍ណែនាំគន្លឹះ របស់លោកអគ្គលេខាធិការបានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍កម្រិតខ្ពស់”។ លោកបានបន្ថែមថា ក្រុមហ៊ុនបន្តធ្វើឱ្យប្រសើរឡើងនូវឧបករណ៍សំខាន់ៗ និងកសាងប្រព័ន្ធផលិតកម្មឌីជីថល និងប្រព័ន្ធតាមដានវដ្តជីវិតផលិតផល។

នៅឆ្នាំ២០២៤ ក្រុមហ៊ុនបរិក្ខារគមនាគមន៍ផ្លូវដែកឧស្សាហកម្មធុនធ្ងន់Taiyuan ត្រូវបានប្រសិទ្ធនាមថា “រោងចក្របង្គោលភ្លើងហ្វារ” ដំបូងគេបង្អស់របស់ពិភពលោកនៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូនផ្លូវដែក។ លោក Lu Shucheng បានថ្លែងថា “នេះមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ដែលបង្ហាញថា ក្រុមហ៊ុនយើងបានឈានដល់ជួរមុខនៃឧស្សាហកម្ម ៤.០ សកល”។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុនសម្រេច បាននូវសមិទ្ធផលថ្មីមួយទៀត ដោយក្លាយជាក្រុមហ៊ុនផលិតអ័ក្សកង់សម្រាប់រថភ្លើងល្បឿនលឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងដំបូងគេបង្អស់របស់ពិភពលោក៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print