ខេត្ដស្ទឹងត្រែង៖ រថយន្ដសាំយ៉ុង១ គ្រឿងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ដចុះបង្ក្រាបកាលវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចភ្នំក្រហម ស្ថិតក្នុងភូមិរាជា នុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
មន្ដ្រីកងរាជអាវុធហត្ថបានឱ្យដឹងថាការចុះបង្ក្រាបរថយន្ដសាំយ៉ុងខាងលើ នេះគឺមានការលំបាកព្រោះថាពេលដែលសមត្ថកិច្ចកំពុងតែដេញតាមពីក្រោយ រថយន្ដដឹកឈើនោះពួកឈ្មួញបានប្រើរថយន្ដសាំយ៉ុង១គ្រឿងទៀតសម្រាប់បិទគូទនិងរារាំងដើម្បីមិនឱ្យសមត្ថកិច្ចឃាត់ បាន ប៉ុន្ដែទោះបីជាក្រុមឈ្មួញខំប្រឹងទប់ ស្កាត់យ៉ាងណាដោយក៏មិនអាចគេចរួចពីកណ្ដាប់ដៃសមត្ថកិច្ចនោះដែរ ។
ករណីឃាត់រថយន្ដសាំយ៉ុងដឹកឈើខាង លើនេះគឺមានបញ្ជារបស់ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ដបង្ក្រាប រថយន្ដសាំយ៉ុងខាងលើ ។
យោងតាមមន្ដ្រីជំនាញម្នាក់បានឱ្យ ដឹងថា ម្ចាស់រថយន្ដទាំងពីរខាងលើ ទី១-ឈ្មោះ សុក ហេង ហៅ ស្រៀន ភេទប្រុស ជាឈ្មួញ ហើយក៏ជាម្ចាស់រថយន្ដសាំយ៉ុង ដឹកឈើនេះដែរ, ទី២-ឈ្មោះ អ៊ុន ឌីពល ភេទប្រុស ជាអ្នកបើករថយន្ដសាំយ៉ុង ១ទៀតបិទគូទពីក្រោយហើយទាំង២នាក់ មានមុខរបររត់តាក់ស៊ីដូចគ្នា ។ ឈើនៅក្នុងរថយន្ដនោះមន្ដ្រីជំនាញ បានបញ្ជាក់ថា ជាឈើប្រណីតប្រភេទធ្នង់ ដែលមានមុខកាត់២០សង់ទីម៉ែត្រប្រវែង២ម៉ែត្រ២តឹកមានចំនួន៥៩សន្លឹក ។
បច្ចុប្បន្នរថយន្ដសាំយ៉ុងទាំង២គ្រឿងខាងលើត្រូវបានកងរាជអាវុធហត្ថខេត្ដ ប្រគល់ឱ្យមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុកហើយម្ចាស់រថយន្ដទាំង ២នាក់ក៏បានចូលខ្លួនមកខណ្ឌរដ្ឋបាលព្រៃឈើដើម្បីពិន័យអន្ដរកាលផងដែរ ៕
ដោយ៖ ហេង នរិន្ទ្រ