ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើល្មើសច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់របស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូ មកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន ជាច្រើនកន្លែង ដូចខាងក្រោម៖
១-ករណីស្លាប់ និងរបួស៖ ពុំមាន។ គិតពីថ្ងៃទី៧ ខែធ្នូ មកដល់ព្រឹកថ្ងៃទី១១ ខែធ្នូ នេះ ចំនួនពលរដ្ឋ ខ្មែរស្លាប់សរុបមានចំនួន១០នាក់ ខណៈពលរដ្ឋរងរបួសមានប្រមាណ៦០នាក់ ភាគច្រើនកំពុងបន្តសង្គ្រោះ បន្ទាន់ដោយក្រុមគ្រូពេទ្យ។
២-ករណីភៀសសឹក៖ ពុំមានការប្រែប្រួលគួរកត់សម្គាល់ទេ។ គិតពីថ្ងៃទី៧ ខែធ្នូ មក ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៦.៤៧៧គ្រួសារ ស្មើនឹងមនុស្សចំនួន២២.៣៩០នាក់។ ខេត្តឧត្តរមានជ័យ មាន ជនភៀសសឹកកើនដល់១១.៦០៧គ្រួសារ ស្មើនឹងមនុស្សចំនួន៣៩.៩៤៥នាក់។ ខេត្តបន្ទាយមានជ័យ មាន ជនភៀសសឹកកើនដល់២២.៧៩៩គ្រួសារ ស្មើនឹងមនុស្សចំនួន៨០.៤៤៧នាក់។ ខេត្តបាត់ដំបង មានជន ភៀសសឹកកើនដល់១.៧៧៤គ្រួសារ ស្មើនឹងមនុស្សចំនួន៦.៩១៤នាក់។ ខេត្តពោធិ៍សាត់ មានជនភៀសសឹក កើនដល់ចំនួន ៩០០គ្រួសារ ស្មើនឹងមនុស្សចំនួន៣.២២១នាក់។ ខេត្តកោះកុង មានជនភៀសសឹកចំនួន ៣១០នាក់។ ចំណែកនៅខេត្តសៀមរាប បានទទួលជនភៀសសឹកកើនដល់១៣.៥៥១គ្រួសារ ស្មើនឹងមនុស្ស ចំនួន៤៤.៥២៧នាក់។ សរុបចំនួនជនភៀសសឹកបានកើនដល់ ៥៧.១០៥គ្រួសារ ស្មើនឹងមនុស្ស ១៩៧.៧៥៤ នាក់។ ចំនួនប្រជាពលរដ្ឋភៀសសឹកនេះ គិតតែតាមមណ្ឌលសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលដែនដីខេត្ត ប៉ុណ្ណោះ មិនរាប់បញ្ចូលចំនួនប្រជាពលរដ្ឋភៀសសឹកដែលស្វ័យភៀសសឹកដោយខ្លួនឯង ទៅកាន់ទីកន្លែង សុវត្ថិភាពផ្សេងៗទៀតឡើយ។ រហូតមកដល់ព្រឹកនេះ នៅតែបន្តមានពលរដ្ឋភៀសសឹកទៅកាន់តំបន់សុវត្ថិភាព គ្រប់មូលដ្ឋានខេត្តពាក់ព័ន្ធជាបន្តបន្ទាប់។
៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន៖ ពុំទាន់មាន របាយការណ៍ថ្មីនៅឡើយ។ ប៉ុន្តែការប៉ះពាល់ជារួមគឺផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ប្រជាពលរដ្ឋ អគារ ក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជា ច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ដោយសារភាគីថៃបានបង្កើនការបាញ់ផ្លោង និងទម្លាក់គ្រាប់ ពីយន្តហោះ F16 សំដៅចូលភូមិឋាន និងតំបន់ទីប្រជុំជនស៊ីវិល រហូតដល់ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីព្រំដែន។ សេវាជាមូលដ្ឋានដែលអាជ្ញាធរត្រូវផ្តល់ និងពលរដ្ឋត្រូវទទួលបាន បានផ្អាកស្ទើរទាំងស្រុង ខណៈ សាលារៀនរដ្ឋ និងឯកជនជិត៩០០កន្លែង បានបិទទ្វារ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សជិត៣សែននាក់។ នេះមិនទាន់គិតពីផលវិបាក នៃផ្សែងពុលដ៏អាក្រក់ ដែលភាគីថៃបន្តប្រើក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ដោយគ្មានសតិសម្បជញ្ញៈ និងផ្ទុយពីច្បាប់អន្តរជាតិ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏អង់អាចប្រតិភាណរបស់ជាតិ និងប្រជាជន។ ក្រោមការដឹកនាំបញ្ជាប្រកបដោយយុទ្ធសាស្ត្រ និងការផ្តល់យោបល់ប្រកបដោយបទពិសោធន៍ខ្ពស់ របស់ សម្តេច ទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ និងនគរបាលការពារព្រំដែនចំណុះ ក្រសួងមហាផ្ទៃ បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាព ម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ។ ជាមួយ គ្នានេះ ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នគ្រប់វិស័យ រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ រួមទាំងមន្ត្រី នគរបាលជាតិ កងរាជអាវុធហត្ថ មន្ត្រីសុខាភិបាល យុវជនស្ម័គ្រចិត្ត (ស.ស.យ.ក កាកបាទក្រហកម្ពុជា…) ប្រជាការពារ និងជនរួមជាតិគ្រប់មជ្ឈដ្ឋាន បានកំពុងរួមសាមគ្គីគ្នាជួយអន្តរាគមន៍ និងគាំទ្រគ្រប់បែបយ៉ាងជូន កងកម្លាំងជួរមុខ ពលរដ្ឋរងរបួស និងជនភៀសសឹក ប្រកបដោយទំនួលខុសត្រូវក្នុងស្មារតីជាតិនិយមខ្ពស់បំផុត។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តទទួចដល់សហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និង សហគមន៍អន្តរជាតិ ចូលរួមតាមដាន ថ្កោលទោស និងមានវិធានការច្បាប់ស្របតាមគោលការណ៍នីតិអន្តរជាតិ ចំពោះឧក្រិដ្ឋកម្មដ៏យង់ឃ្នងព្រៃផ្សៃរបស់រដ្ឋាភិបាល យោធា និងកម្លាំងចម្រុះថៃ ដែលបំពានយ៉ាងធ្ងន់ធ្ងរលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងធម្មនុញ្ញអាស៊ានជាដើម។ យើងទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ រាល់ឧក្រិដ្ឋកម្មឈ្លានពាន ឧក្រិដ្ឋកម្ម សង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម ដោយងាកមកអនុវត្តឱ្យបានពេញលេញតាមបទឈប់បាញ់ ជាពិសេស សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ប្រទេសទាំងពីរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះហត្ថលេខាជាសាក្សី ព្រមទាំងការថ្លែងស្វាគមន៍គាំទ្រពីមិត្តបរទេស និងសហគមន៍អន្តរជាតិ៕
ដោយ៖ស តារា










