អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វេីព្រៃផ្សៃរបស់យោធាថៃដែលបានបាញ់បំផ្លាញអគារការិយាល័យគយ និងរដ្ឋាករបឹងត្រកួន

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើព្រៃផ្សៃរបស់យោធាថៃកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបាញ់ បំផ្លាញមកលើអគាររដ្ឋបាលការិយាល័យគយនិងរដ្ឋាករបឹងត្រកួនរបស់កម្ពុជា ដែលជាអគាររដ្ឋបាលស៊ីវិល សម្រាប់បម្រើការងារប្រមូលចំណូលថវិកាជាតិ និងផ្តល់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ។ អគាររដ្ឋបាលគយ នេះមានកម្ពស់ ២ជាន់ ស្ថិតនៅក្នុងភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អ.គ.រ. អំពាវនាវដល់សហគមន៍ជាតិ អន្តរជាតិ និងបណ្តាស្ថាប័ន អង្គការសហគមន៍ពាក់ព័ន្ធ ចូល រួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើនេះ និងទាមទារយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព បំផ្លិចបំផ្លាញមកលើហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា រួមមាន អគាររដ្ឋបាលស៊ីវិលប្រភេទនេះ។ ទង្វើដ៏ សាហាវយង់ឃ្នងនេះ បង្ហាញពីភាពអសីលធម៌ ការប្រមាថមើលងាយ មិនអាចទទួលយកបានរបស់ថៃមក លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌ អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។

សកម្មភាពរំលោភបំពាន់ទាំងទទឹងទិសរបស់ថៃមកលើកម្ពុជា គឺជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ច្បាប់អន្តរជាតិ និងបានធ្វើឱ្យប៉ះពាល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ លើសពីនេះ សង្គ្រាមឈ្លានពាន របស់ថៃនេះ គឺជាការរំលោភលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយ មាន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ជាសាក្សីដោយផ្ទាល់។

ជាថ្មីម្តងទៀត អ.គ.រ. សូមអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ ថ្កោលទោសដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានយ៉ាងកំរោលរបស់ថៃ ហើយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះទង្វើ ព្រៃផ្សៃរបស់ខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print