ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា «យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យភាពរបស់យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយ។ »
ការថ្លែងបែបនេះរបស់លោកស្រី ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា នៅក្នុងសន្និសីទសារព័ត៌មាននាម៉ោង៤រសៀលថ្ងៃទី១១ ខែធ្នូ ក្នុងពេលដែលកម្ពុជាកំពុងប្រើសិទ្ធិការពារខ្លួនប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងសត្រូវថៃឈ្លានពាន។
ក្នុងគ្រាកម្ពុជាប្រើសិទ្ធិការពារខ្លួន បាញ់ឆ្លើយទៅកាន់សត្រូវប្រមាណ៤ថ្ងៃមកនេះ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសថា គិតមកទល់ពេលនេះ កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មុះមុត នឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់កងទ័ពការពារជាតិដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងប្រយុទ្ធនៅតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។
កម្ពុជាបានប្រើសិទ្ធិស្របច្បាប់ ស្របតាមមាត្រា 51 នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការការពារខ្លួន ហើយឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្រោលរបស់ថៃ ដែលបានបើកការវាយប្រហារ ឈ្លានពានមកលើកម្ពុជាពេញលេញ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ។
កងទ័ពថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការបាញ់ អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើង ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើសច្បាស់ជាច្រើនទៀត៕ដោយ៖តារា










