អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំដឹកជញ្ជួន សម្ភារៈមនុស្សធម៌ជូន ជូនវីរៈកងទ័ពតាមសមរភូមិជួរមុខ និងពលរដ្ឋភៀសសឹក ក្នុងខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមការដឹកនាំរបស់ លោក ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា បានរៀបចំចាត់ចែងដឹកជញ្ជូនជំនួយមនុស្សធម៌ ជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹក នៅក្នុងខេត្តកោះកុង។

អំណោយនឹងប្រគល់ជូនអាជ្ញាធរខេត្តកោះកុង មានថវិកាចំនួន២០លានរៀល រួមនឹងសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដូចជា ឆៃប៉ូវផ្អែម ទឹកត្រី ទឹកស៊ីអ៉ីវ មីកញ្ចប់ អង្ករ ត្រីខ បាយក្តាំង អំបុក ភួយ និងសម្លៀកបំពាក់ជាដើម។

ក្នុងស្មារតីសាមគ្គីមហាគ្រួសារខ្មែរ ប្រឆាំងការឈ្លានពានរបស់ថៃលើបូរណភាពទឹកដីកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ពីថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទីប្រឹក្សា ជំនួយការសម្តេចប្រធានរដ្ឋសភា ព្រមទាំងពីសប្បុរសជននានា សម្រាប់ឧបត្ថម្ភគាំទ្រ ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក តបតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

កាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបែងចែកនិងចាត់តំណាងនាំយកអំណោយមនុស្សធម៌ដែលទទួលបាន ជូនរដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ សម្រាប់ផ្គត់ផ្គង់ជូនវរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងតស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងប្រជាជន ជាមួយនឹងសត្រូវឈ្លានពាន និងសម្រាប់ផ្គត់ផ្គង់ ជូនពលរដ្ឋភៀសសឹក ក្នុងគ្រាដែលកម្ពុជាកំពុងរងការវាយប្រហារទំាងកំរោល ឃោឃៅ រំលោភច្បាប់អន្តរជាតិ របស់សត្រូវ។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋសភា សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print