ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងនៅរសៀលថ្ងៃទី១៤ខែ ធ្នូ ឆ្នាំ២០២៥នេះថា ដោយសារប្រជាពលរដ្ឋរាយការណ៍អំពីករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានម្នាក់។
ប្រភពខាងលើឲ្យដឹងថា អនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្រ្កាបករណីរក្សាទុកនិងជួញដូរនូវ សារធាតុញៀនខុសច្បាប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២និង០០នាទី អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានសហការស្រាវជ្រាវក្រោយទទួលបានព័ត៌មានពីមហាជន នៅចំណុចព្រៃខាងលិចភូមិជំទប់មាន់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។
ក្រោយទទួលបានព័ត៌មានកំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ចុះទៅដល់ទីតាំងខាងលើ បានឃេីញមុខសញ្ញាសង្ស័យឈ្មោះ ឡាយ ទិត្យ ភេទ ប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិជ្រៃក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។
ជាក់ស្តែងកំលាំងនគរបាលបានឃាត់និងត្រួតពិនិត្យឆែកឆេរ រកឃេីញ÷ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿង ញៀនចំនួន០២កញ្ចាប់តូច,ទូរស័ព្ទ១គ្រឿង,ទុយោកែច្នៃសម្រាប់ចូកគ្រឿងញៀន០១ និងឧបករណ៍កែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕










