ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា បានគាំទ្រដល់ភាគីចិនឱ្យរៀបចំកម្មវិធី“ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិននៅលើផ្លូវថ្មើរជើងតាមសួនច្បារមាត់ទន្លេ រាជធានីភ្នំពេញននារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” និងបង្កើតវេទិកាផ្លាស់ប្ដូរវប្បធម៌ សិក្សាពីគ្នាទៅវិញទៅមកឱ្យកាន់តែមានភាពស៊ីជម្រៅ។
នៅក្នុងឱកាសនោះ លោកស្រី វ៉ា បុប្ផារី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្មវិធីផ្តាស់ប្តូរវប្បធម៌នេះ មិនត្រឹមតែជាការបង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌ និងអរិយធម៌ប្រទេសទាំង២កម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែង និងរឹងមាំ រវាងប្រជាជននិងប្រជាជនកម្ពុជា ចិន ព្រោះ វប្បធម៌ គឺជាស្ពានយ៉ាងរឹងមាំបំផុត ដែលបានតភ្ជាប់ បេះដូងប្រជាជនទាំងពីរតាំងពីបុរាណកាលមក។
លោក ស្រីគួន ហុង បានលើកឡើងថា ព្រឹត្តិការណ៍ដែលរៀបចំឡើងនៅពេលនេះ គឺជាការអនុវត្តជាក់ស្តែងមួយក្នុងការជំរុញការផ្លាស់ប្ដូររវាងអារ្យធម៌នៃប្រទេសទាំងពីរ ដោយមានការតាំងពិព័រណ៍វប្បធម៌ និងការធ្វើអន្តរកម្មបច្ចេកវិទ្យា យើងធ្វើឱ្យវប្បធម៌ចិននិងកម្ពុជា ក្លាយជាអ្វីដែលជាក់ស្តែង អាចមើលឃើញ និងគួរឱ្យចង់ស្វែងយល់។
ឯកឧត្តម វិញ ប៊ុនអៀងជំនួយការ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្ពុជា និងចិន មានមិត្តភាពដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ ។ កម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” លើកនេះ បង្ហាញឱ្យឃើញថា កម្ពុជា និងចិន នឹងបន្តពួតដៃគ្នាថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួន និងជំរុញដល់សុខដុមរមនាជាសកលរវាងអរិយធម៌នានា និងស្រោចស្រពសន្តិភាពដោយវប្បធម៌សម្បូរបែប ។
អ្នកចូលរួមកម្មវិធីនេះបានវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលផ្តួចផ្តើមឱ្យមានកម្មវិធីដ៏ល្អនេះឡើងដើម្បីឱ្យប្រជាជននៃប្រទេសទាំងរកាន់តែយល់ដឹងស៊ីជម្រៅពីវប្បធម៌ ស្លៀកពាក់ ម្ហូបអាហារ ការរស់នៅទៅវិញទៅមក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយក្រុមហ៊ុន China Intercontinental Press & Media Co., Ltd. និងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ទូរទស្សន៍ជាតិកម្ពុជា អាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតនេះ មានការតាំងបង្ហាញនូវស្តង់ជាច្រើន ដោយភាគីចិនបានតាំងបង្ហាញសម្លៀកបំពាក់ហានហ្វូ, ការកាត់ក្រដាស, ការសរសេរអក្សរផ្ចង់ដោយជក់, និងម្ហូបអាហារដូចជា មីហិរ, ស៊ុបស៊ីឈួន, និងសៀវឡុវប៉ាវ ហើយផលិតផលកម្ពុជាវិញមានចម្លាក់ស្បែក ការត្បាញស្លឹកត្នោត គ្រឿងប្រាក់ សូត្រខ្មែរ ស្លៀកពាក់សម្លៀកបំពាកប្រៃពៃណីខ្មែរ និងម្ហូបអាហារដូចជា នំបញ្ចុក, ឆាណាង, និងប្រហុកខ្ទះ និងប្រគំភ្លេងបុរាណខ្មែរជាដើម៕
ប្រភព ៖ (CCFR)










