ខេត្តព្រះវិហារ ៖ ដោយសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃមានការផ្ទុះអាវុធជាលើកទី៣ ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នោះមក លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងលោកស្រីអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន បានដឹកនាំក្រុមការងារអចិន្ត្រៃយ៍ រួមជាមួយ លោក អ៊ូច ភា លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការ លោក សោម ច័ន្ទឌីណា ឯកឧត្តម ពឹម សំណាង លោក ហេង ពិទូ លោក អ៊ួន សុទ្ធា អនុរដ្ឋលេខាធិការ លោក សុង ហេង លោក ឧ.ឯក គង់ ច័ន្ទដារ៉ា លោក ឧ.ឯក មាស ស៊ីផាន អគ្គនាយករង និងសហការី នាថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញទៅពិនិត្យ សម្របសម្រួលជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងការរៀបចំទីតាំងសុវត្ថិភាពជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៥ កន្លែង រួមមាន ៖ ទីតាំងវត្តសុវណ្ណគិរី វត្តពោធិ៍កែវមានជ័យ វត្តគីឡូលេខ៨ វត្តត្បែងមានជ័យ វត្តពើងព្រះគោ និងទីតាំងវត្តពើងអង្កាម ព្រមទាំងបាននាំយកអំណោយស្បៀង គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ ភេសជ្ជ: សម្លៀកបំពាក់ អាវរងារ ភួយ មុង កន្ទេល សរុបចំនួន ៥៣ មុខ គិតជាទឹកប្រាក់ចំនួន ១២,៦៤៣ដុល្លារ ផ្តល់ជូនរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់គ្រងមណ្ឌលសុវត្ថិភាពទាំង ៥ ទីតាំង និងបានចែកសម្ភារ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ផងដែរ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









