សារព័ត៌មាន Reuters រដ្ឋអាជ្ញាពិសេសម្នាក់របស់កូរ៉េខាងត្បូង បាននិយាយថាអតីតប្រធានាធិបតី លោក Yoon Suk Yeol បានព្យាយាមបង្ករឿងជាមួយកូរ៉េខាងជើងដើម្បីឱ្យជម្លោះយោធាមួយផ្ទុះឡើង ដើម្បីអាចបង្កើតលេស ប្រកាសប្រើច្បាប់អាជ្ញាសឹក និងកម្ចាត់គូប្រជែងនយោបាយរបស់លោក។
លោក Cho Eun-seok ជារដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ បានឱ្យដឹងថាក្រុមការងាររបស់លោកបានចោទប្រកាន់មនុស្ស ២៤នាក់ ក្នុងនោះរួមមានលោក Yoon និងមន្ត្រី៥រូបនៃអតីតគណៈរដ្ឋមន្ត្រីរបស់លោក Yoon ជុំវិញការចូលរួមរបស់ពួកគេ។
ក្រុមអ្នកវិភាគកូរ៉េខាងត្បូង បាននិយាយថាលោក Yoon បានបញ្ជាឱ្យយោធាកូរ៉េខាងត្បូងបញ្ជូនដ្រូនលុកលុយចូលដែនអាកាសទីក្រុង ព្យុងយ៉ាងរបស់កូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងរករឿងឱ្យកូរ៉េខាងជើងធ្វើប្រតិកម្មឆ្លើយតប។ ពួកគេជឿថាក្នុងសេណារីយ៉ូបែបនេះ លោក Yoon ចង់បង្កើតលេសដើម្បីប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន និងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។
នៅពេលនោះកូរ៉េខាងជើងមិនបានធ្វើការឆ្លើយតបអ្វីនោះទេ តែលោក Yoon បានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅខែធ្នូ ឆ្នាំ២០២៤។ ច្បាប់អាជ្ញាសឹកនេះមានរយៈពេលខ្លីប៉ុណ្ណោះ ហើយបែរជានាំឱ្យលោក Yoon ត្រូវរបូត តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង រហូតដល់កំពុងស្ថិតនៅក្រោមការចោទប្រកាន់ពីបទបះបោរ និងការចោទប្រកាន់ជាច្រើនទៀត៕
រូបថត:Bloomberg










