ខេត្តកំពង់ឆ្នាំង÷ នៅល្ងាចថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៥មន្ត្រីជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំងបានឱ្យដឹងថា កងកម្លាំងចម្រុះរបស់យោធា រួមសហការកម្លាំងរដ្ឋបាលជលផល បានចុះល្បាតតាមដងទន្លេ ភូមិសាស្ត្រក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្រុកពញាឮ ខេត្តកណ្ដាល ចាប់បានបទល្មើសនេសាទ ឆក់ក្ដៅនិងត្រជាក់រួមនិងទូកនាមរុញទន្ទឹងទូកចំនួន៣ទូក។
ប្រភពបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៥ខែធ្នូ ដឹកនាំដោយលោក វរសេនីយ៍ទោ ម៉ៅ វេ មេបញ្ជាការរងសឹករងខេត្តកំពង់ឆ្នាំងសហការជាមួយកងកម្លាំង ង៧០ រួមជាមួយកងពលតូចលេខ៧០ ទិស ទី១និងទិសទី២ ខេត្តកំពង់ធំ បានចេញល្បាតបង្ក្រាបបទល្មើសរួមគ្នាត្រង់ចំណុចភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ភូមិព្រែកកន្លង ក្នុងស្រុកកំពង់ត្រឡាច និងភូមិពាមលង្វែក ឃុំកំពង់លួង ក្នុងស្រុកពញាឮ ខេត្ត កណ្តាល។
ជាលទ្ធផលនៅវេលាម៉ោង ៥.៥០នាទីល្ងាច នៅចំណុច ភូមិស្ទឹងស្ងួត ឃុំអំពិលទឹក បានប្រទះឃើញបទល្មើសឆក់ក្តៅ និងឆក់ត្រជាក់ កំពុងធ្វើសកម្មភាពក៏បានឃាត់ ជនសង្ស័យ រួមទាំងវត្ថុតាងបទល្មើសមានទូកម៉ាស៊ីនអាគុយ អាំងម៉ូទ័រឆក់ និងបានប្រគល់ជនសង្ស័យជូនខាងជលផលមានឧបករណ៍ឆក់និងមនុស្សដើម្បីដោះ ស្រាយតាម ច្បាប់តាមនីតិវិធីជលផល ចំណែកទូក ម៉ាស៊ីន រក្សាទុកនៅកន្លែងសឹករង។
ក្រោយមកនៅវេលាម៉ោង ៧.៣០ នាទីយប់ នៅចំណុច ភូមិព្រែកកន្លង និងភូមិពាមលង្វែក ឃុំកំពង់ត្រឡាច និងឃុំកំពង់លួង ស្រុកពន្លឺ ខេត្តកណ្តាល សមត្ថកិច្ចចម្រុះប្រទះឃើញក្រុមហ៊ុនសង្ស័យកំពុងធ្វើសកម្មភាពបទល្មើសអូសនៀមចំនួន០៣ គ្រឿង ត្រូវកម្លាំងឃាត់យកសម្ភារះ រួមទាំង មនុស្សចំនួន៩ នាក់ ក្នុងនោះសមត្ថកិច្ចបានធ្វើការឆែករកឃើញមានថ្នាំញៀនចំនួន ២៨កញ្ចប់ និងឧបករណ៍ជក់ចំនួន ០១និងធ្វើការតេស្តទឹកនោម រកឃើញសារធាតុញៀនចំនួន ០៥ នាក់។
ជនសង្ស័យទាំង នោះប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ធ្វើការតាម ច្បាប់ រីឯជនមិនពាក់ព័ន្ធធ្វើការអប់រំដោះលែង ទូក ម៉ាស៊ីន និងឧបករណ៍ល្មើសត្រូវរក្សាទុក៕










