ភ្នំពេញ ៖ មានករណីកង្ហាឆ្លងចរន្តបង្កជាអគ្គិភ័យឆាប ឆេះអស់ផ្ទះ១ខ្នង និងឆេះឆ្លងរាលដាល៥ខ្នងទៀត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៦និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុងកុងស៊ីកាប់ជ្រូក ផ្លូវលំ ភូមិព្រែកតាពៅ ក្រុម០១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ស្វាយ ដារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាបានឱ្យដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងតែល្បាតតាមដងផ្លូវបង្ការបទល្មើសក្នុងមូលដ្ឋាន ស្រាប់តែឃើញអណ្តាតភ្លើងឆេះសន្ធោសន្ធៅឆេះចេញពីផ្ទះប្រជាពលរដ្ឋ ក៏បានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកកន្លែងកើតហេតុ ។ ភ្លាមៗក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនអង្គភាពបានចុះមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ រួមមានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបបង្អែកច្បារអំពៅដើម្បីត្រៀមក្រែងមានជនរងគ្រោះក្នុងហេតុការណ៍អគ្គីភ័យខាងលើនិងបានទាញទុយោ ហើយរថយន្តត្រៀមបន្តគ្នាបញ្ជូលទឹកពីរថយន្តខាងក្រោយមកដាក់រថយន្តនៅខាងមុខដោយសារផ្លូវតូចចង្អៀតចូលបានតែរថយន្ត១គ្រឿង ។
ម្ចាស់ផ្ទះកើតហេតុឈ្មោះ កូប សារី ភេទប្រុស អាយុ៤៨ឆ្នាំ ជាប្រជាការពារភូមិ ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទផ្ទះឈើ មានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ និងឆេះខូចខាតសម្ភារៈរួមមាន តុ ទូ ទូរទស្សន៍ គ្រែ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ហើយរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន០៥ខ្នងផ្ទះផ្សេងទៀត។
ចំពោះករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានសំអាតចប់នៅម៉ោង ៧និង២០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីកង្ហាបង្កជាអគ្គិភ័យ។ ករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង មកពីច្រើនស្ថាប័ន ៕










