ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបាននៅដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះថា យុវជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូដឹកថ្នាំញៀនយកទៅលក់ ប៉ុន្តែពេលឃើញសមត្ថកិច្ចក៏ភ័យស្លន់ស្លោព្យាយាមជិះគេចខ្លួន និងបោះថ្នាំញៀនចោលទៅក្នុងព្រៃដើម្បីបំបាត់ភស្តុតាង។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី ១៨ ធ្នូ ២០២៥ ត្រង់ចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ម៉ែន សាក់ខឿន អធិការនគរបាលស្រុកកណ្តាលស្ទឹង ឲ្យដឹងថា ជនសង្ស័យទាំង២ នាក់ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ ញឿន ប៊ុនថនរតនៈ ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២- ឈ្មោះ កែវ ចាន់ថន ភេទ ប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រៃទទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយធ្វើតេស្ត ជនសង្ស័យទាំងពីរមានសារធាតុញៀនក្នុងទឹកនោមដូចគ្នា។
លោកអធិការស្រុក បានបន្តថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ សហការជាមួយកម្លាំងអាវុធ ហត្ថស្រុក បានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានជួបជន សង្ស័យទាំងពីរនាក់កំពុងជិះម៉ូតូទន្ទឹមគ្នាមើលឆ្វេងមើលស្តាំគួរឲ្យសង្ស័យ។ ពេលនោះកម្លាំងយើងក៏បានហៅសួរនាំ ស្រាប់តែជនសង្ស័យបានព្យាយាមរត់គេចខ្លួន និងបោះកញ្ចប់បារីដែលមានលាក់ថ្នាំញៀនចោលទៅក្នុងព្រៃ ប៉ុន្តែក៏ត្រូវបានកម្លាំងយើងឃាត់ខ្លួនបាន និងឆែកឆេររកឃើញថ្នាំញៀន ១កញ្ចប់មធ្យម (ទម្ងន់ ១១,៤៤ក្រាម) យកមកមកកាន់ផ្នែកជំនាញតែម្ដង។
លោកវរសេនីយ៍ឯក ម៉ែន សាក់ខឿន បានបញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀន ១កញ្ចប់, ម៉ូតូ ២គ្រឿង (ម៉ាក Honda Dream ផ្លាកលេខ ភ្នំពេញ 1LZ-5632 និងម៉ាក Scoopy ផ្លាកលេខ ខេមរភូមិន្ទ 02 1-7677), ទូរស័ព្ទដៃ ១គ្រឿង និងខ្សែកកាឡៃ ១ខ្សែ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទៅយកពីឈ្មោះ សេង នៅម្ដុំត្រពាំងថ្លឹង ដើម្បីយកមកលក់ឲ្យគេក្នុងតម្លៃ ៣០ម៉ឺនរៀល។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










