ខេត្តកណ្តាល÷ បុរសជាប្ដីបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មក្រោមកង់រថយន្ត និងស្ត្រីជាប្រពន្ធរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំ១ គ្រឿងបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកម៉ូតូជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៨ ធ្នូ ២០២៥ នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ស៊ិនតុងភេទ ប្រុស អាយុ ៥៩ឆ្នាំ ត្រូវជាប្ដី (អ្នករួមដំណើរ) និងអ្នកបើកបរម៉ូតូត្រូវជាប្រពន្ធឈ្មោះ ហម ដានី អាយុ ៤៥ឆ្នាំ) រងរបួសស្រាល។ អ្នកទាំងពីរមានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល (ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1AT-1877)។
លោកអធិការស្រុក បានបន្តថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7683 (សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ កំពង់ស្ពឺ 4A-0717) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីទិសខាងលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានវ៉ាជែងរថយន្តកុងតឺន័រ១គ្រឿងទៀត ក៏ជ្រុលចូលទៅគន្លងផ្លូវម្ខាងទៀតទៅប៉ះដៃម៉ូតូជនរងគ្រោះដែលជិះបញ្ច្រាសទិសគ្នា បណ្ដាលឲ្យដួលហើយកង់រថយន្តខាងឆ្វេងកិនអ្នករួមដំណើរជាប្ដីស្លាប់តែម្ដង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯក មាន សំណាង បញ្ជាក់ថា ក្រោយការវាស់វែង សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯមធ្យោបាយទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










