យន្តហោះធុនស្រាល Cessna C550 មួយគ្រឿងបានធ្លាក់ និងឆាបឆេះឡើងជាអណ្តាតភ្លើង ខណៈពេលកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានតំបន់ Statesville ចម្ងាយប្រហែល 72 គីឡូម៉ែត្រពី Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី 18 ខែធ្នូ។ កំណត់ត្រាហោះហើរបង្ហាញថា យន្តហោះនេះត្រូវបានចុះបញ្ជីក្រោមឈ្មោះក្រុមហ៊ុនមួយដែលដំណើរការដោយ Greg Biffle ដែលជាអតីតអ្នកបើកបររថយន្តប្រណាំង NASCAR ដ៏ល្បីល្បាញម្នាក់។ មនុស្សទាំង7នាក់នៅលើយន្តហោះ Cessna បានស្លាប់។
ប៉ូលីសរដ្ឋបាននិយាយថា “អគ្គីភ័យបន្ទាប់ពីគ្រោះថ្នាក់បានរារាំងយើងពីការចេញផ្សាយបញ្ជីផ្លូវការរបស់អ្នកដែលនៅលើយន្តហោះ ប៉ុន្តែយើងជឿថាពួកគេរួមមាន Greg Biffle និងក្រុមគ្រួសាររបស់គាត់”។
លោក Biffle ត្រូវបានគេរាយការណ៍ថាកំពុងហោះហើរជាមួយប្រពន្ធរបស់គាត់ឈ្មោះ Cristina និងកូនពីរនាក់គឺ Ryder និង Emma។ បីនាក់ផ្សេងទៀតគឺ Dennis Dutton និងកូនប្រុសរបស់គាត់ឈ្មោះ Jack និង Craig Wadsworth។
យោងតាមទិន្នន័យពីគេហទំព័រតាមដានអាកាសចរណ៍ FlightAware យន្តហោះ Cessna បានហោះចេញពីអាកាសយានដ្ឋាននៅម៉ោងប្រហែល ១០ ព្រឹក ហើយឆ្ពោះទៅរដ្ឋ Florida ប៉ុន្តែបន្ទាប់មកបានបត់ត្រឡប់ក្រោយដើម្បីព្យាយាមចុះចត។ អ្នកលេងហ្គោលនៅជិតអាកាសយានដ្ឋានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញគ្រោះមហន្តរាយនេះ ដោយដេកផ្ងារលើដី ខណៈពេលដែលយន្តហោះហោះពីលើ។ តំបន់ជុំវិញរន្ធទី ៩ ត្រូវបានគ្របដណ្ដប់ដោយកំទេចកំទី។
“យើងកំពុងគិតថា ‘អូព្រះជាម្ចាស់អើយ វាហោះទាបពេក’។ វាពិតជាគួរឱ្យខ្លាចណាស់” កីឡាករហ្គោល Joshua Green បានរំលឹកឡើងវិញ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធកំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ។ ទិន្នន័យអាកាសធាតុបានបង្ហាញថាវាមានភ្លៀងធ្លាក់ និងមានពពកនៅពេលនោះ។
លោក Biffle អាយុ ៥៥ ឆ្នាំ បានឈ្នះការប្រណាំងជាង ៥០ លើកក្នុងស៊េរី NASCAR ចំនួនបី រួមទាំងជ័យជម្នះ Cup Series ចំនួន ១៩ លើក។ គាត់ក៏បានឈ្នះស៊េរី Trucks ក្នុងឆ្នាំ ២០០០ និងស៊េរី Xfinity ក្នុងឆ្នាំ ២០០២។
“Greg មិនត្រឹមតែជាអ្នកបើកបរជើងឯកប៉ុណ្ណោះទេ ថែមទាំងជាសមាជិកជាទីស្រឡាញ់របស់សហគមន៍ NASCAR ជាគូប្រជែងដ៏ខ្លាំងក្លា និងជាមិត្តរបស់មនុស្សជាច្រើន” NASCAR បាននិយាយ។ «ចំណង់ចំណូលចិត្តរបស់គាត់ចំពោះការប្រណាំង ភាពស្មោះត្រង់ និងការលះបង់ចំពោះអ្នកគាំទ្រ និងគូប្រជែង បានបន្សល់ទុកនូវស្លាកស្នាមដ៏យូរអង្វែងមួយនៅលើវិស័យកីឡានេះ»។
ចាប់តាំងពីដើមឆ្នាំនេះមក មានការធ្លាក់យន្តហោះសរុបចំនួន 1,331 ករណីនៅសហរដ្ឋអាមេរិក ត្រូវបានស៊ើបអង្កេតដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ បើប្រៀបធៀបទៅនឹងឧប្បត្តិហេតុចំនួន 1,482 ករណីក្នុងឆ្នាំ 2024។
គ្រោះថ្នាក់អាកាសចរណ៍ធំៗមួយចំនួនក្នុងឆ្នាំ 2025 រួមមានការប៉ះទង្គិចគ្នារវាងយន្តហោះស៊ីវិល និងឧទ្ធម្ភាគចក្រ ដែលបានសម្លាប់មនុស្ស 67 នាក់នៅទីក្រុងវ៉ាស៊ីនតោន ការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលបានសម្លាប់មនុស្ស 260 នាក់ និងឧប្បត្តិហេតុមួយនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ដែលបណ្តាលឱ្យមានមនុស្សស្លាប់ 48 នាក់។ មនុស្ស 14 នាក់ រួមទាំងជនរងគ្រោះ 11 នាក់នៅលើដី ក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះដឹកទំនិញថ្មីៗនេះនៅរដ្ឋ Kentucky ផងដែរ៕

រូបថត:vnexpress









