លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំអាជ្ញាធររៀបចំជម្រកចល័តនៅមណ្ឌលសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹក។
តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅលើសុខទុក្ខជនភៀសសឹក គឺត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុវត្ថិភាព និងធានាដល់ការឧបត្ថម្ភស្បៀង គ្រឿងឧបភោគ បរិភោគ។
លោកទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល បានរៀបចំផែនការត្រៀម និងឆ្លើយចំពោះសភាពការណ៍ដែលមិនមានភាពច្បាស់លាស់ ក្នុងពេលដែលយោធាថៃបន្តវាយប្រហារឈ្លានពានកម្ពុជានោះ, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំជម្រកចល័តនៅមណ្ឌលសុវត្ថិភាព ដែលជម្រកចល័តនេះស្ថិតក្នុងផែនការឆ្លើយតបចំពោះកំណើនជនភៀសសឹក។
លោកទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការរៀបចំជម្រកចល័តនេះ នឹងអាចទទួលជនភៀសសឹកច្រើនគ្រួសារដែលអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹកដែលមានសមាជិកគ្រួសារច្រើនផងដែរ។
លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែងតែដល់ផ្តល់អនុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌលសុវត្ថិភាពដែលជាជម្រកសំខាន់ដោះស្រាយក្នុងគ្រាដែលប្រជាពលរដ្ឋស្លូតត្រង់តាមបណ្តោយព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។
លោកទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ទន្ទឹមនឹងកំណើននៃការជម្លៀសតាមបណ្តោយព្រំដែនបន្តកើនឡើង, រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងដោះស្រាយ និងរៀបចំយ៉ាងយកចិត្តទុកដាក់ជូនជនភៀសសឹក ដើម្បីឱ្យប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព និងទទួលបានស្បៀងគ្រប់គ្រាន់។
បន្ទាប់ពីចុះពិនិត្យរៀបចំជម្រកចល័ត, លោកទេសរដ្ឋមន្រ្តី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕ដោយ៖តារា










