ខេត្តកណ្ដាល÷ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងនៅរសៀលថ្ងៃ២០ខែធ្នូនេះថា យុវជនម្នាក់បានរងរបួសធ្ងន់ និងស្ត្រីជាអាជីវករលក់បន្លែម្នាក់ទៀត រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយយុវជនរូបនោះបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូដឹកបន្លែពី ក្រោយពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០និង៣៥នាទី ឈានចូលថ្ងៃទី២០ ធ្នូ ២០២៥ នៅចំណុចមុខហាង «អធិរាជលើដងផ្លូវ លក់ជ្រូកអាំង» លើផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ភាគីរងគ្រោះមានឈ្មោះ សុន ផល្លី ភេទស្រី អាយុ៥៧ឆ្នាំមុខរបរលក់បន្លែ មានទីលំនៅភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ (ជិះម៉ូតូម៉ាក Honda Cub ពណ៌ខៀវ ផ្លាកលេខ ភព-ប-5315 មានកាងដែកដឹកបន្លែពីក្រោយ)របួសស្រាល។ ចំណែក ឯភាគីបង្កមិនទាន់ស្គាល់អត្តសញ្ញាណ ជាយុវជន (រងរបួសធ្ងន់) ជិះម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល 1AT-0272។
លោកអធិការក្រុង បានបន្តថា នៅមុនពេលកើតហេតុ ម៉ូតូរបស់ស្ត្រីរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (ដឹកបន្លែ)។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូភាគីខាងយុវជនបង្កដែលធ្វើដំណើរស្របទិសគ្នា បានបើកបរក្នុងល្បឿនលឿនខ្វះការប្រុង ប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូស្ត្រីរងគ្រោះពីក្រោយពេញ ទំហឹង បណ្ដាលឲ្យដួលរងរបួសទាំងសងខាងតែម្ដង។ ភ្លាមៗនោះ យុវជនបង្កដែលរបួសធ្ងន់ ត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ រីឯស្ត្រីរងគ្រោះក៏ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះដូចគ្នា។
លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងយកមធ្យោបាយទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីយុវជនដែលជាអ្នកបើកបរម៉ូតូ Honda Dream បើកបរលឿន និងមិនបានពិនិត្យស្ថានភាពផ្លូវខាងមុខឲ្យបានច្បាស់លាស់៕










