ខេត្តបន្ទាយមានជ័យ ៖ យោធាថៃឈ្លានពាន នៅតែបន្តវាយប្រហារខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប៉ោយប៉ែត និងតំបន់សំខាន់មួយចំនួនទៀតស្ថិតនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុងនោះ នៅម៉ោង២ដល់ម៉ោង៣រសៀលនេះ យោធាថៃបន្តបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងDK-106 ចល័តលើរថយន្តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការជាតិ។
ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២១ ធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិបានរៀបរាប់យ៉ាងលម្អិតពីស្ថានការណ៍ដែលយោធាថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជានៅយោធភូមិភាគទី៤ និងទី៥ ដែលមកទល់ពេលនេះគឺមានរយៈពេល១៥ថ្ងៃហើយ។
ស្ថានការណ៍ជួរមុខក្នុងសមរភូមិទិសយោធភូមិភាគទី៤
ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា គិតចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៣រសៀលថ្ងៃទី២១ ធ្នូ។ ម៉ោង១០:០០នាទី-១១:១១នាទីព្រឹកថ្ងៃទី២១ ធ្នូ យោធាថៃ បានបាញ់ផ្សែងពុលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច ជាំតែ ភ្នំត្រងោល និងគោល៨។ ម៉ោង១១:០០-១២:០០នាទី យោធាថៃ នៅតែបន្តបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច ជាំតែ និងបានបាញ់ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។
ម៉ោង១២:០០-១៣:០០នាទី យោធាថៃ នៅតែបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ ភ្នំខ្មោច ជាំតែ និងបានបាញ់ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។ ម៉ោង១៣:០០-១៤:០០នាទី យោធាថៃ ចាប់ផ្តើមបន្តបាញ់កាំភ្លើងធំ កាំភ្លើងត្បាល់ រថក្រោះ បាញ់បំបុក និងកម្លាំងថ្មើរជើងដោយបានបាញ់ពីចម្ងាយចូលភូមិសាស្ត្រចាន់ក្រហម ភ្នំខ្មោច និងជាំតែ រួមទាំងប្រើប្រាស់ដ្រូនខ្នាតធំទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំចូលភូមិសាស្រ្តប្រាសាទតាមាន់ធំ។
ម៉ោង១៤:០០-១៥:០០នាទីរសៀលថ្ងៃទី២១ ធ្នូ យោធាថៃនៅតែបន្តបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងDK-106 ចល័តលើរថយន្តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ ។
ស្ថានការណ៍ជួរមុខក្នុងសមរភូមិទិសយោធភូមិភាគទី៥
ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា គិតចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៣រសៀលថ្ងៃទី២១ ធ្នូ។ ដោយនៅម៉ោង១១:៤០នាទី យោធាថៃ បានប្រើប្រាស់រថក្រោះបាញ់ផ្លោងក្នុងភូមិសាស្ត្របឹងត្រកួន និងបឹងព្រីង។
ម៉ោង ១៣:០១នាទីរសៀល យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ចូលភូមិសាស្ត្រ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ម៉ោង១៣:៣៥នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ៩គ្រាប់ ចូលក្នុងភូមិសាស្ត្រ ឃុំនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
ម៉ោង១៣:៥៣នាទីរសៀល យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តចូលភូមិសាស្ត្រចម្ការគរ ។ ម៉ោង១៣:៥៥នាទីរសៀល យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ កាំភ្លើង១២,៧មម និង១៤,៥មម វាយសន្ធោបក្នុងភូមិសាស្ត្រចម្ការគរ។
ម៉ោង១៤:០០-១៤:៣០នាទីរសៀល យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ១៥៥មម និងប្រភេទត្បាល់បាញ់ផ្លោងចំនួន២៤គ្រាប់ ចូលក្នុងភូមិសាស្ត្រអូរបីជាន់។ ម៉ោង១៤:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលក្នុងភូមិសាស្ត្រភូមិចម្ការគរ។
ម៉ោង១៤:១៣នាទី-១៥:០០នាទីរសៀលនេះ យោធាថៃបានបាញ់ផ្លោងកាំភ្លើងចំនួន១៣គ្រាប់ទៀតចូលក្នុងភូមិសាស្ត្របឹងត្រកួន។
ចាប់ពីម៉ោង១៤:៣០នាទី-១៥:០០នាទី យោធាថៃ បានបាញ់ផ្លោងកាំភ្លើងប្រភែត១៥៥មមចំនួន៣២គ្រាប់ និងប្រភេទកាំភ្លើងត្បាល់ជាច្រើនគ្រាប់ចូលភូមិសាស្ត្រអូរបីជាន់។
ម៉ោង១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទីរសៀលថ្ងៃទី២១ ធ្នូ នេះ យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិលដោយបានប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម៉ោង១៥:០០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា មកទល់ម៉ោងនេះ យោធាថៃនៅបន្តសកម្មភាពវាយប្រហារនៅតាមទីតាំងមួយចំនួននៃអធិបតេយ្យកម្ពុជា។ ប៉ុន្តែ កងកម្លាំងកម្ពុជាកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ និងតាមដានដោយយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីការពារអធិបតេយ្យភាពជាតិ៕
ដោយ ៖ សិលា










