ភ្នំពេញ , រាជរដ្ឋាភិបាលកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូល និងប្រជាជនខ្មែរទាំងអស់នៅក្នុងនិងក្រៅប្រទេស សូម ប្រកាសជាសំឡេងតែមួយ ជូនចំពោះសហគមន៍អន្តរជាតិឱ្យជ្រាបថា អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃប្រទេសយើង តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការ ឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែន អធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុ មួយចៃដន្យ, មិនមែនជាការផ្ទុះអាវុធមួយរបេះរប៉ោះ ហើយក៏មិនមែនជាចម្បាំងមួយដែលកើតចេញពី ភាពតានតឹងជាអចិន្ត្រៃយ៍គ្រប់គ្រងមិនបានទាល់តែសោះនោះដែរ ។ តាមពិត វាគឺជាសង្គ្រាមទាំងស្រុង និងទាំងកំរោលមួយ ដែលដុះចេញពីចេតនាពេញលេញរបស់ទីក្រុងបាងកក និងដែលត្រូវបានគិតគូរ គ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃ ។ គោលដៅរបស់បាងកក ដែលប្រើប្រាស់ ដំណាលគ្នាកងកម្លាំងជើងគោក ជើងទឹក ព្រមទាំងជើងអាកាស គឺ ឈ្លានពានប្លន់យកទឹកដីកម្ពុជា វាយ បាននៅទីណាដោតទង់ជាតិថៃនៅទីនោះ ដោយវាយប្រហារមិនត្រឹមតែលើទីតាំងយោធាប៉ុណ្ណោះទេ តែ លើប្រជាជនស៊ីវិលស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរបាន បន្សល់ទុក និងដែលមួយចំនួនបានក្លាយទៅជាបេតិកភណ្ឌពិភពលោក ។
កម្ពុជាមានហេតុផលជាសារវន្តចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និង ធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃជាគឺអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន ៖
ទី១-កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ
កម្ពុជាជាប្រទេសតូច គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធា និងតូចទាំងមហិច្ឆតា ។ ដូច នេះ កម្ពុជាមិនអាចឈ្លានពានប្រទេសធំជាងខ្លួន ដល់ទៅ ៣ដង ដូចជាប្រទេសថៃបានឡើយ ។ កម្ពុជា តែងតែអត់ធ្មត់ និងអំពាវនាវឱ្យមានការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាំងពីមុនផ្ទុះអាវុធ លើកទី១ រហូតដល់មានការទទួលយកបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តី ថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ បើកម្ពុជាពិតជាចង់បានសង្គ្រាម តើ កម្ពុជាខិតខំបង្កើត និងរក្សាសន្តិភាព តាំងពីឆ្នាំ១៩៩៨ ដើម្បីអ្វី?
ទី២-កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែនតាមផែនទីតាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជា អន្តរជាតិ ប៉ុន្តែ ថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន
ប្រទេសកម្ពុជា និងប្រទេសថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការ វាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការ អភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ ភាគរយ។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនាឬ ប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។
ទី៣-កម្ពុជាប្រើយន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែ ថៃធ្វើសង្គ្រាមដើម្បីប្លន់យកទឹកដី
ជាក់ស្តែង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងជម្លោះកាលពីឆ្នាំ១៩៥៤, ជម្លោះឆ្នាំ២០០៨-២០១១ និង ជម្លោះបច្ចុប្បន្ននេះ កម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសថៃ។ ជាលទ្ធផលនៃជម្រើសផ្លូវច្បាប់នេះ កម្ពុជាបានទទួលជោគជ័យ ដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេច ថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះ បង្ហាញថាកម្ពុជាជាប្រទេសការពារអធិបតេយ្យភាពរបស់ខ្លួនដោយប្រើយន្តការច្បាប់អន្តរជាតិ គ្មានហេតុផលណាដែលកម្ពុជាច្រានចោលយន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ២លើករួចមក ហើយនេះ ហើយបែរជាទៅបង្កសង្គ្រាមជាមួយប្រទេសថៃនោះឡើយ។ ហើយ
ទី៤-កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាម និងផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព
កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព។ ក្នុងរយៈពេលជិត ៥០ឆ្នាំ កន្លងទៅនេះ ក្រោយពីឆ្លងកាត់សង្គ្រាម រ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមប្រល័យពូជសាសន៍មួយផងនោះ រាជរដ្ឋាភិបាល កម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព រហូតទទួលបានមេដៃមាសសន្តិភ ពិភពលោកឆ្នាំ២០២១ និងមេដៃសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដីឆ្នាំ២០២៤ ព្រមទាំងពានរង្វាន់ អាស៊ានឆ្នាំ២០២៥។ កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមឆ្អែតឆ្អន់ហើយ កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាព សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចនេះ គ្មានហេតុផលណាមួយដែលកម្ពុជាទៅរំលោភបំពានឈ្លានពាន ទៅលើប្រទេសណាមួយ បង្កសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាកនោះឡើយ។
ទី៥-ថៃប្រកាសសង្គ្រាមជាចំហ និងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា
ការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មករហូតដល់ពេលនេះ គឺ នាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយ ពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុក ចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា ដោយបានប្រើកម្លាំងគ្រប់ប្រភេទ ទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំង F-16 និង Gripen គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាដ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ កាំភ្លើងត្បាល់ រ៉ុកកែតចម្ងាយឆ្ងាយ រថក្រោះ រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញ ទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់ សាលារៀន វត្តអារាម ជំរំជនភៀសខ្លួន និងលំនៅដ្ឋាន ប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។ ដូចនេះ ច្បាស់ណាស់ថាប្រទេសកម្ពុជាមិន មែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាព អស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ។
ផ្អែកលើចំណុចទាំង ៥ នេះ គឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួន ហើយប្រទេសថៃជាអ្នក បង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា៕
ដោយ , សិលា










