មួយសប្ដាហ៍កន្លងទៅ ជាង១០ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦១នាក់ និងរងរបួសជាង១០០នាក់!

ចែករំលែក៖

ភ្នំពេញ ៖ ត្រឹមរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៩០ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់ ៦១នាក់ និងរបួសធ្ងន់ស្រាលចំនួន ១០៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តួលេខថ្ងៃបន្តបន្ទាប់ នឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។

លោក ទូច សុឃៈ អះអាង រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះវិហារ ស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ លោកបានពន្យល់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីនេះ មានដូចជា ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង កត្តាយានយន្ត មិនគោរពសញ្ញាចរាចរណ៍ និងការបើកបរក្នុងភាពងងុយ។

ស្របពេលអត្រាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតស្រាកស្រាន្តបណ្តាលឱ្យប៉ះពាល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តក្រើនរំលឹក និងទទូចអំពាវនាវទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឬផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ។

លោកបានសង្កត់ធ្ងន់ថា បើទោះបីជាប្រទេសជាតិកំពុងប្រឈមមុខនឹងការឈ្លានពានពីយោធាថៃក៏ដោយ ក៏ការរឹតបន្តឹងច្បាប់ចរាចរណ៍ នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមដឹកនាំប្រកបដោយប្រតិភាណរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមគោលការណ៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍ បាន និងកំពុងអនុវត្តវិធានការអប់រំច្បាប់ដល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទផងដែរ៕

...

ដោយ ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print