ខេត្តកណ្ដាល៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងនៅព្រឹកថ្ងៃទី 22 ខែធ្នូនេះថា ជនសង្ស័យ៣នាក់ ដែលកំពុងពួនសម្ងំធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅរោងចាំចម្ការមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលសេចក្ដីរាយការណ៍ពីពលរដ្ឋល្អ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ២១និង៤០នាទី យប់ថ្ងៃទី២០ ធ្នូ ២០២៥ ត្រង់ចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ទី១-ឈ្មោះស្រ៊ុន សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ, ទី២- ឈ្មោះ សារ៉ាត់ មករា ភេទប្រុស អាយុ២៣ឆ្នាំនិងទី៣- ឈ្មោះ ពិន ពីសី ភេទប្រុស ភេទ២៦ឆ្នាំ។ ពួកគេទាំង អស់គ្មានមុខរបរពិតប្រាកដ និងស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។ វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ៤កញ្ចប់, ឧបករណ៍ជក់ ១គ្រឿង, កណ្តៀវដងឈើ ១ និងដែកកេះ ១។
លោកអធិការក្រុង បានបន្តថា នៅមុនពេលកើតហេតុ ដោយទទួលបានព័ត៌មានពីពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើ កម្លាំងប៉ុស្តិ៍បានចុះទៅពិនិត្យក៏ឃើញជនសង្ស័យឈ្មោះ ស្រ៊ុន សុភ័ក្រ កំពុងដេកលើអង្រឹងក្នុងរោងក្បែរតារាងបាល់ទះ និងរកឃើញថ្នាំញៀន ១កញ្ចប់តូចលាក់ក្នុងកញ្ចប់បារី។ ជនសង្ស័យបានសារភាពថា ខ្លួនទិញថ្នាំនេះពីឈ្មោះ សារ៉ាត់ មករា តម្លៃ ១៥,០០០រៀល។ ភ្លាមៗនោះ លោកអធិការបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ បន្តចុះទៅឃាត់ខ្លួនឈ្មោះ សារ៉ាត់ មករា និងឈ្មោះ ពិន ពិសី នៅរោងចាំចម្ការក្បែរនោះបន្ថែមទៀត ដោយរកឃើញថ្នាំញៀន ៣កញ្ចប់ទៀតដែលឈ្មោះ សារ៉ាត់ មករា លាក់ក្នុងកញ្ចប់បារី។
លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា នៅ ចំពោះមុខសមត្ថកិច្ច ឈ្មោះ សារ៉ាត់ មករា បានសារភាពថាថ្នាំញៀន ៣កញ្ចប់នោះពិតជារបស់ខ្លួនដែលបានឲ្យលុយ ៥ម៉ឺនរៀលទៅឈ្មោះ ពិន ពិសី ទិញមក ប៉ុន្តែឈ្មោះ ពិន ពិសី បានបដិសេធថា ខ្លួនមិនបានទទួលលុយទៅទិញថ្នាំញៀនដូចការចោទប្រកាន់នោះទេ។ ទោះជាយ៉ាងណា ជនសង្ស័យទាំង ៣នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










