ភ្នំពេញ ៖ ថ្ងៃទី២២ ខែធ្នូ លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានសួរថា៖ តាមការផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន បានបើកធ្វើនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃដដែល ដោយផ្តោតលើស្ថានភាពព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន។ ប៉ុន្តែ កម្ពុជា និងថៃនៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅឡើយទេ។ តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះរឿងនេះ? តើភាគីចិនអាចផ្តល់ព័ត៌មានអំពីកិច្ចសម្របសម្រួលរបស់លោកDeng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិននៅកម្ពុជា និងថៃបានទេ?
លោកLin Jian បានថ្លែងថា កម្ពុជា និងថៃ សុទ្ធតែជាសមាជិកសំខាន់របស់អាស៊ាន។ ប្រទេសចិនសូមកោតសរសើរ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ីក្នុងការជំរុញសន្តិភាព។ក្នុងនាមជាមិត្ត និងជាអ្នកជិតខាងរបស់កម្ពុជា និងថៃ ប្រទេសចិនសង្ឃឹមយ៉ាងស្មោះត្រង់ថា ភាគីទាំងពីរនឹងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់ព្រំដែននៃប្រទេសទាំងពីរនិងផលប្រយោជន៍ជាមូលដ្ឋាននៃប្រជាជននៃប្រទេសទាំងពីរ បញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីកសាងសន្តិភាពឡើងវិញ។
ចាប់តាំងពីជម្លោះរវាងកម្ពុជា និងថៃមានសភាពកាន់តែធ្ងន់ធ្ងរម្តងទៀត ប្រទេសចិនបានធ្វើកិច្ចខិតខំសម្របសម្រួល និងជំរុញការផ្សះផ្សាគ្នាតាមរបៀបរបស់ខ្លួន។លោកWang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃ ហើយមន្ត្រីក្រសួងការបរទេសចិនបានរក្សាទំនាក់ទំនងជាមួយកម្ពុជា ថៃ និងប្រទេសអាស៊ានពាក់ព័ន្ធ។ទាក់ទងនឹងព័ត៌មានអំពីលោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីដែលធ្វើកិច្ចសម្របសម្រួលទៅមករវាងកម្ពុជា និងថៃ ប្រទេសចិននឹងចេញផ្សាយព័ត៌មានក្នុងខណៈពេលសមរម្យ។ ប្រទេសចិននឹងបន្តជំរុញយ៉ាងសកម្មនូវការចរចាសន្តិភាព និងដើរតួនាទីមានលក្ខណៈស្ថាបនាដើម្បីបន្ធូរបន្ថយភាពតានតឹង៕










