ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងអំណរគុណមិត្តចិនដែលបានជួយជ្រោមជ្រែងជំរុញឱ្យមានការឈប់បាញ់ និងការស្តារសន្តិភាពឡើងវិញ។
លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទោះបីជាស្ថានភាព មិនទាន់មានភាពល្អប្រសើរយ៉ាងណាក្តី តែការរួមចំណែករបស់ចិន ក្នុងការជំរុញឱ្យមានការឈប់បាញ់ និងសន្តិភាពពិតប្រាកដ និងយូរអង្វែង គឺជាគុណតម្លៃដ៏ថ្លៃថ្លា សម្រាប់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេស សម្រាប់ឱ្យប្រជាពលរដ្ឋរាប់សែននាក់ រួមទាំង ស្រ្តី កុមារ ជនចាស់ជរា ដែលត្រូវរត់ចោលផ្ទះសម្បែង និងសាលារៀន និងកំពុងជ្រកនៅក្នុងជំរំជនភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន ត្រឡប់មកនៅផ្ទះសម្បែង និងចូលសាលារៀនរៀងៗខ្លួនឡើងវិញ។
«ជាមួយខ្ញុំក៏សូម យកឱកាសដ៏កម្រនេះនេះ ស្នើដល់មិត្តចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏ដូចជា មូលនិធិចិន ដែលមានវត្តមាននៅទីនេះ ដើម្បីជួយបន្តធនធាន ដើម្បីជួយដល់ ជនភៀសសឹកកម្ពុជា សំដៅបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់ ដែលបង្កឡើងដោយការឈ្លានពាននេះ»។
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានថ្លែងបែបនេះ អំឡុងពិធីប្រគល់-ទទួលអំណោយកញ្ចប់ Panda ឆ្នាំ២០២៥ រវាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈ
រដ្ឋមន្រ្តី កាលពីពេលថ្មីៗនេះ។ លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏បានអញ្ជើញជាអធិបតី នៅក្នុងពិធីនោះផងដែរ។
តាមរយៈបណ្តាញសង្គមផ្លូវការ កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ, លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា «ទាំង កម្ពុជា និង ថៃ គឺជាសមាជិកដ៏សំខាន់របស់អាស៊ាន។ ចិនសរសើរ និងគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេស ម៉ាឡេស៊ី ដើម្បីទទួលបានសន្តិភាព»។
លោកបន្តថា «ប្រទេសចិន ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធ របស់ប្រទេសទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា ការប្រយុទ្ធគ្នានឹងបញ្ឈប់ ហើយ សន្តិភាពនឹងត្រូវបានកសាងឡើងវិញ»។
លោកបន្ថែមថា «ចាប់តាំងពីមានការកើនឡើងកម្តៅមក ប្រទេសចិនបាននិងកំពុងចូលរួមភាគីទាំងពីរ ដើម្បីឲ្យបានសន្តិភាព តាមមធ្យោបាយរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសចិន Wang Yi បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ តាមទូរស័ព្ទ។ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសចិន បានរក្សាទំនាក់ទំនងជាមួយកម្ពុជា ថៃ និង ប្រទេសពាក់ព័ន្ធអាស៊ាន»។
អ្នកនាំពាក្យក្រសួងការបរទេសចិន បន្ថែមថាបេសកជនពិសេសរបស់ ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បាននិងកំពុងបំពេញបេសកកម្ម ទៅសម្រួលដល់កិច្ចពិភាក្សា។ ប្រទេសចិននឹងបន្តធ្វើការយ៉ាងសកម្មដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាសម្រាប់ការបន្ធូរបន្ថយភាពតានតឹង៕
ប្រភព ៖ (CCFR)










