ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការសៀវភៅពន្លឿនការសិក្សា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការសៀវភៅពន្លឿនការសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ តំណាងដៃគូអភិវឌ្ឍន៍ អភិបាលនៃគណៈអភិបាលក្រុង/ស្រុក តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត តំណាងសាលារៀន សរុបចំនួន ១៨០នាក់។

សៀវភៅថ្នាក់ពន្លឿនការសិក្សាដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងថ្ងៃនេះ មាន៦ ចំណងជើងរួមមាន សៀវភៅថ្នាក់ពន្លឿនការសិក្សាមុខវិជ្ជាភាសាខ្មែរថ្នាក់ឆ្នាំទី២ និងគណិតវិទ្យា វិទ្យាសាស្រ្ត និងសិក្សាសង្គម ថ្នាក់ឆ្នាំទី១ ឆ្នាំទី២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍនានា។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការរៀបចំធ្វើបច្ចុប្បន្នភាពសៀវភៅពន្លឿនការសិក្សា និងចំណាប់អារម្មណ៍របស់នាយកប្រចាំប្រទេសអង្គការភ្លែន អន្តរជាតិកម្ពុជា និងនាយកប្រចាំប្រទេសរបស់អង្គការ អេដអេអាកស្យុង រួចមក លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិ្ធផលដ៏មានសារៈនេះ និងថ្លែងអំណរគុណដល់ក្រុមការងារក្រោមឱវាទក្រសួង និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការកែសម្រួល និងរៀបចំខ្លឹមសារសៀវភៅថ្នាក់ពន្លឿនការសិក្សាឱ្យស្របទៅនឹងអាទិភាពនៃកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តកម្មវិធីថ្នាក់ពន្លឿនការសិក្សា ដែលបានផ្តល់ឱកាសសិក្សាឡើងវិញ ជូនសិស្សលើសអាយុ និងកុមារដែលរៀនមិនស្របតាមកម្រិតថ្នាក់ ឱ្យអាចសិក្សាឡើងវិញ និងសម្របខ្លួនទៅនឹងប្រព័ន្ធអប់រំផ្លូវការ។ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា និងបង្កើនឱកាសឱ្យពួកគេអាចបន្តការសិក្សាទៅថ្នាក់បន្ទាប់ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្រសួងបានសហការជាមួយអង្គការភាពញញឹមនៃកុមារ (PSE) រៀបចំសៀវភៅថ្នាក់ពន្លឿនការសិក្សាចាប់តាំងពីឆ្នាំសិក្សា២០១១-២០១២ ដែលមាន ១២ក្បាល(សៀវភៅណែនាំគ្រូ និងសៀវភៅសិស្ស) សម្រាប់៣កម្រិតថ្នាក់ និង៤មុខវិជ្ជាគឺ ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្តអនុវត្ត និងសិក្សាសង្គម និងបានប្រមូលកុមារដែលបោះបង់ចោលការសិក្សា ឱ្យវិលត្រឡប់ចូលរៀនវិញតាមរយៈកម្មវិធី “ស្ពានចម្លង” បានផ្តល់ការបង្រៀនបែបបត់បែន ផ្ដល់ជំនាញចាំបាច់ ដូចជាជំនាញឌីជីថល វិជ្ជាជីវៈ និងភ្ជាប់ការសិក្សាជាមួយឧត្តមសិក្សានិងទីផ្សារការងារ។ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានធ្វើបច្ចុប្បន្នកម្មសៀវភៅកម្មវិធីថ្នាក់ពន្លឿនការសិក្សាជាបន្តបន្ទាប់ ដើម្បីឱ្យស្របតាមកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលបានឈានដល់ការបញ្ចប់ជាស្ថាពរ និងដាក់ឱ្យអនុវត្តជាផ្លូវការនាថ្ងៃនេះ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាផ្តល់ការគាំទ្រ និងលើកកម្ពស់គុណភាពនៅកម្ពុជា និងបានបញ្ជាក់ថា ទោះបច្ចុប្បន្នប្រទេសជាតិកំពុងជួបវិបត្ត សង្គ្រាមនៅព្រំដែន និងបញ្ហាប្រឈមមួយចំនួន ក៏យើងមិនត្រូវភ្លេចគោលដៅដែរ ដោយសូមយកឱកាសនេះពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបនឹងបញ្ហាប្រកបដោយភាពបុរេសកម្ម ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួនដូចជា៖
១) សូមដៃគូអភិវឌ្ឍទាំងអស់បន្តជួយគាំទ្រដល់សិស្សដែលបាត់បងឱកាស ឱ្យទទួលបានការអប់រំសមស្របសម្រាប់វ័យរបស់ពួកគេ
២) សូមអរគុណដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា ដែលរងផលប៉ះពាល់ដោយការឈ្លានពានពីសង្រ្គាមរវាងកម្ពុជា-ថៃ និងសូមបន្តទទួលនិងសម្របសម្រួលសិស្សភៀសសឹកឱ្យចូលរៀន ដោយរៀបចំកម្មវិធីសិក្សា២វេន, រៀបចំការរៀននិងបង្រៀននៅតាមថ្នាក់រៀនបណ្ដោះអាសន្ន ឬ រៀននៅទីសុវត្ថភាពជាដើម ដោយក្រសួងនឹងនៅតែបន្តចែកសៀវភៅសិក្សាគោល និងសៀវភៅជំនួយការសិក្សានានា ដើម្បីសម្រួលដល់ការស្វ័យសិក្សា
៣) សូមក្រុមការងារពាក់ព័ន្ធ បន្តពិនិត្យ និងដាក់ចេញជាសេចក្តីណែនាំផ្សេងៗ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងដែលការផ្តល់ការអប់រំទាមទារនូវការបត់បែន ដើម្បីកាត់បន្ថយអត្រាសិស្សបោះបង់ចោលការសិក្សា
៤) សម្រាប់ខេត្តដែលមិនរងផលប៉ះពាល់ពីសង្គ្រាម សូមបន្តយកចិត្តទុកដាក់អនុវត្តកំណែទម្រង់សាលារៀន និងស្តង់ដាសាលារៀនគំរូ។ ក្រសួងក៏នៅតែបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលគ្រូ ផ្តោតលើវិធីសាស្ត្របង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព និងបន្តកំណែទម្រង់ការសាលាគរុកោសល្យ។
៥) សូមបន្តពិនិត្យ វាយតម្លៃ និងគាំទ្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀន និងលទ្ធផលសិក្សារបស់សិស្ស និងត្រូវចុះទៅពិនិត្យដោយផ្ទាល់ដល់ថ្នាក់រៀន និងសាលារៀន
៦) សូមបន្តពង្រឹងវិធីសាស្ត្រាគ្រប់គ្រងថ្នាក់រៀន និងរបៀបបង្រៀនសិស្សរៀនយឺត

៧) សូមបន្តពង្រឹងសមត្ថភាពស្ថាប័នជាប្រចាំ រៀបចំជាផែនការសកម្មភាព កំណត់អាទិភាពការងារ វិភាគបញ្ហាប្រឈម និងស្វែងរកវិធីសាស្ត្រឆ្លើយតប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print