ភ្នំពេញ៖ បើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយអំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់មួយភ្លាមៗ ខណៈដែលជនភៀសសឹកមានប្រមាណ ១លាននាក់ហើយ។
លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគីទាំងពីរ ចូលតុចរចា ដើម្បីទទួលបានសន្តិភាពមួយ ប្រកបដោយភាពត្រឹមត្រូវ និងចីរភាព។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា «ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ។ ខ្ញុំបានអំពាវនាវឱ្យសមភាគីកម្ពុជា និងថៃដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ។ សន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវ និងចីរភាព អាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ»៕
ដោយ៖តារា










