ប្រទះឃើញ​សព​បុរស​ម្នាក់​ សង្ស័យ​ត្រូវគេដឹក​យក​ទៅ​ទម្លាក់​ចោល​ជិត​ផ្លូវ​ ៦០​ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​មាន​ស្នាម​របួស​ក្បាល ពុំ​ដឹង​ថា​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ សង្ស័យ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ប្រឡាយ​ទឹក​មួយ​កន្លែង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​និង​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ​ព្រមទាំង​ក្រុម​គ្រួសារ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ ស្ថិត​នៅ​ជិត​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើ​តាម​ការ​ប៉ាន់ស្មាន​មាន​អាយុប្រមាណ​៣០​ឆ្នាំ សម្បុរ​ ស ដែល​ប្រភព​ខ្លះ​សង្ស័យ​ថា​ជា​ជនបរទេស រីឯ​ប្រភព​ខ្លះ​ទៀត​ថា​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​ស្នាម​របួស​ក្បាល និង​ត្រូវ​បាន​គេ​រុំ​ភួយ​ផង​ដែរ ។

សមត្ថ​កិ​ច្ចបាន​​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ខ្លះ​ៗ​ថា នៅ​វេលា​ម៉ោង​ខាងលើ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ខាងលើ ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​នគរបាល​ខណ្ឌដង្កោ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ។ បន្ទាប់​មក​សមត្ថកិច្ចក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញចុះ​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​តាម​ជំនាញ។ 

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា នៅ​ពុំ​ទាន់​ដឹង​ថា បុរស​នោះ​ស្លាប់​ដោយសារ​មូលហេតុ​អំពើ​ឃាតកម្មឬ​ក៏​គ្រោះថ្នាក់​ចរាចរ​ណ៍ ឬ​មូលហេតុ​អ្វី​ផ្សេង​ទៀត​នៅឡើយ​ទេ ប៉ុន្តែ​សង្ស័យ​មាន​ជន​មិន​ស្គាល់​មុខ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ទីនោះ ។ 

បន្ទាប់​មក​នគរបាល​បាន​ដឹក​យក​សព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​គោក​អំពិល សង្កាត់​ជើងឯក ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​មូលហេតុ​នៃ​ការ​ស្លាប់ ព្រមទាំង​ស្វែងរក​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print