ប្រមុខការពារជាតិកម្ពុជា ផ្ញើសារជូនពរ កងទ័ពដ៏អង់អាចរបស់កម្ពុជា នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦

ចែករំលែក៖

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៥ ខែធ្នូ​ ឆ្នាំ​២០២៥នេះ បានផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦។​ ក្នុងដ៏មានអត្ថន័យនោះ លោកបានសម្តែងនូវ សេចក្តីនឹករឭក និង ភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលកំពុងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និង ការលំបាកនានា ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ។

លោកឧបនាយករដ្ឋមន្ត្រី​ ទៀ សីហា បានគូសបញ្ជាក់ធ្ងន់ៗថា ក្រោមឯកសណ្ឋានដ៏មានកិត្តិយសឧត្តុង្គឧត្តមនេះ កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការជាប្រវត្តិសាស្ត្រ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និង សកលលោក ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវ ជោគជ័យជូនជាតិមាតុភូមិកម្ពុជា។

លោកនាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ក៏បានវាយតម្លៃខ្ពស់ អ្វីៗគ្រប់យ៉ាងដែលកងយោធពលខេមរភូមិន្ទសម្រេចបាន គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីបានយ៉ាងគង់វង្សគ្រប់កាលៈទេសៈ ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍​ ជូនពរយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ជាពិសេសវីរកងទ័ព ១៨រូប ត្រូវបានទាហានថៃចាប់ឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ ឱ្យមានសុខភាពល្អបរិបូរ និង ឆាប់បានវិលត្រឡប់មកកាន់មាតុភូមិកំណើត ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print