ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីរាជការឱ្យកាន់តែមានប្រសិទ្ធភាព និងយុត្តិធម៌ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើការប្រកាសលទ្ធផលប្រឡងវិញ្ញាសាសរសេរលើកទី១ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល។
នៅក្នុងដំណើរការពិនិត្យលទ្ធផលរហូតដល់យប់ជ្រៅនេះ លោកឧបនាយករដ្ឋមន្ត្រី រួមជាមួយសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ បានធ្វើការយ៉ាងជិតស្និទ្ធ និងហ្មត់ចត់បំផុត ក្នុងការត្រួតពិនិត្យរាល់ពិន្ទុ និងទិន្នន័យរបស់បេក្ខជននីមួយៗ។ ការយកចិត្តទុកដាក់ខ្ពស់នេះ គឺដើម្បីធានាឱ្យបាននូវគោលការណ៍ «អ្នកចេះគឺជាប់ និងជាប់ដោយមោទនភាព» ដែលជាទិសដៅចម្បងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការកែទម្រង់មុខងារសាធារណៈ។
យោងតាមការប្រកាសលទ្ធផល សរុបទាំង៤មណ្ឌលប្រឡងធំៗដែលបេក្ខជនបានប្រឡងប្រជែងរួមមាន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ,សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ,វិទ្យាស្ថានជាតិអប់រំ (NIE), និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បេក្ខជនដែលបានប្រឡងជាប់ដំណាក់កាលទី១ ក្នុងចំណោមបេក្ខជនប្រមាណជិត ២ម៉ឺននាក់មានចំនួនសរុប ៦៧៤ នាក់ ស្រី១៧៥ នាក់ និងស្ទួន៥៩ នាក់។
បន្ទាប់ពីឆ្លងផុតវិញ្ញាសាសរសេរលើកទី១ នេះ បេក្ខជនទាំង ៦៧៤ នាក់ នឹងត្រូវឈានចូលដល់ការប្រឡងវិញ្ញាសាសរសេរលើកទី២ (ដំណាក់កាលផ្ដាច់ព្រ័ត្រ) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នៅសាលាភូមិន្ទរដ្ឋបាល។
ការប្រឡងនៅដំណាក់កាលទី២ នេះ នឹងធ្វើការចម្រាញ់យកបេក្ខជនតែ ២០៥ នាក់ ប៉ុណ្ណោះ ដើម្បីក្លាយជាសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ ជាផ្លូវការ ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការលើកទឹកចិត្តដល់បេក្ខជនដែលបានជាប់ក្នុងដំណាក់កាលទី១ ឱ្យបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់វិញ្ញាសាបន្ទាប់ និងបានបញ្ជាក់ជាថ្មីថា គ្មានការអន្តរាគមន៍ណាមួយអាចយកឈ្នះលើសមត្ថភាព និងចំណេះដឹងពិតប្រាកដរបស់បេក្ខជនឡើយ៕
ដោយ៖តារា










