មីយ៉ាន់ម៉ាលុបបម្រាមគោចរនៅក្រុងយ៉ាងហ្គោន មុនការបោះឆ្នោតសកល

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា របបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ បានប្រកាសពីការលុបចោលបម្រាមគោចរមួយដែលត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងទីក្រុង Yangon ចាប់តាំងពីមាន រដ្ឋប្រហារកាលពីឆ្នាំ២០២១ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតសកលមួយចាប់ផ្ដើមដែលយោធាមីយ៉ាន់ម៉ាចាត់ទុកថាជាការវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ។

យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជីចេញពីអំណាចកាលពីឆ្នាំ២០២១ ដែលបានបង្កទៅជាបាតុកម្មគាំទ្រប្រជាធិបតេយ្យ នៅទូទាំងប្រទេស។ នៅពេលនោះក្នុងពេលដែលកងកម្លាំងសន្តិសុខបង្រ្កាបយ៉ាងហិង្សាលើក្រុមបាតុករ របបសឹកមីយ៉ាន់ម៉ាបានប្រកាសដាក់បម្រាមគោចរនៅពេលយប់នៅក្នុងទីក្រុង Yangon ដែលមានប្រជាជនរស់នៅជាង ៧លាននាក់។
ចាប់តាំងពីពេលនោះមកដែរ ពេលវេលានៃបម្រាមគោចរត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ហើយរហូតដល់ថ្ងៃសុក្រម្សិលមិញ ទើបរបបសឹកមីយ៉ាន់ម៉ាបានប្រកាសថាបម្រាមគោចរ នៅសេសសល់ដែលអនុវត្តពីម៉ោង១យប់ ដល់ម៉ោង៣ទៀបភ្លឺ នឹងត្រូវបានលុបចោលនៅថ្ងៃសៅរ៍នេះ។ «ស្ថិរភាពតំបន់ក្នុងទីក្រុង Yangon បច្ចុប្បន្នកំពុងមានភាពល្អប្រសើរឡើង ហើយការសម្រេចចិត្តលុបចោលបម្រាមគោចរនេះទៀតសោតធ្វើឡើងក្នុងគោលបំណងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គម និងសាសនាមានភាពល្អប្រសើរឡើង ព្រមទាំងដើម្បី ប្រយោជន៍នៃការធ្វើដំណើរ ឬការដឹកជញ្ជូនរបស់ប្រជាជន ក៏ដូចជាធ្វើឱ្យការធ្វើពាណិជ្ជកម្មមានភាពល្អប្រសើរឡើង»។ នេះបើតាមអ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា ក្នុងសេចក្ដីថ្លែងការណ៍មួយ។
បើតាមរបបសឹកមីយ៉ាន់ម៉ា ការបោះឆ្នោតដំណាក់កាលទី១ និងទី២ ត្រូវបានគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅក្រុងសរុបចំនួន២០២ ក្នុងចំណោមក្រុងទាំងអស់ចំនួន៣៣០។ ចំណែកការបោះឆ្នោតដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ នៃដំណើរការបោះឆ្នោតសកលរបស់ខ្លួន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ តែកាលបរិច្ឆេទសម្រាប់ការរាប់សន្លឹកឆ្នោត និងការចេញលទ្ធផលបោះឆ្នោត នៅមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print