ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នេះ ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ ប្រារព្ធពិធីសូត្រមន្ត បើកឲ្យដំណើរការសាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) ដែលស្ថិតនៅអគារ លេខ៧៧A ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
អគារប៊ែលធីទី១៦នេះ មានកម្ពស់ ០៥ជាន់ ក្នុងនោះ ជាន់ក្រោមដី គឺជាចំណត និងមាន ៨២បន្ទប់ ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ។ សាលា ប៊ែលធីអន្តរជាតិទី១៦នេះ ក៏មានកម្មវិធីសិក្សាធំៗចំនួន ០៥ ដូចសាខាដទៃទៀតផងដែរដូចជា៖
១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២)
២- ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត)
៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស
៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)
សាលា ប៊ែលធីអន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន០៧ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖
១.កម្មវិធីបង្កើនចំណេះដឹងទូទៅ
២.កម្មវិធីពង្រឹងស្មារតី
៣.កម្មវិធីទស្សនកិច្ចសិក្សា
៤.កម្មវិធីសិក្សាតាមទូរទស្សន៍
៥.កម្មវិធីប្រឡងសំណេរ
៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក លី ឆេង ក៏បានសម្តែងការកោតសរសើរ និងការអបអរសាទរ ចំពោះសិស្សសាលាប៊ែលធី អន្តរជាតិទាំងអស់ សរុបចំនួន ១.១៥៤នាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៥-២០១៦ និងបានប្រឡងជាប់ចំនួន ៩៦៤នាក់ ស្មើនឹង ៨៣.៥៣% និងបានប្រឡងជាប់ និទ្ទេសA ចំនួន ២០នាក់ ជាពិសេស លោក បានកោតសរសើរចំពោះ សិស្សឈ្មោះ កាំង ស៊ីញលី សិស្សសាលា ប៊ែលធី អន្តរជាតិទី៥ ដែលទទួលបាន និទ្ទេសA លេខ១ ក្នុងចំណោមសិស្សនិទ្ទេសA សរុបចំនួន ៤០៥នាក់ ដែលមានលំដាប់ពិន្ទុ ១០០.០០% ខ្ពស់ជាងគេទូទាំងប្រទេសផងដែរ។
លោកក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា អាណាព្យាបាល និស្សិត និងសិស្សានុសិស្ស ទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានីមួយៗ ដែលធ្វើឲ្យសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។
ជាទីបញ្ចប់ លោកបានប្រកាសបើកឲ្យដំណើរការជាផ្លូវការនូវ សាលា ប៊ែលធីអន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) ចាប់ពីថ្ងៃនេះតទៅ៕
ដោយ៖ សហការី