សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ ២០២៥ បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា អឺរ៉ុបត្រូវតែពង្រឹងកម្លាំងរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីធានាសន្តិភាព និងវិបុលភាពនៅឆ្នាំ ២០២៦ ចំពោះមុខបញ្ហាប្រឈមដែលកើតចេញសកម្មភាពឈ្លានពានដោយរុស្ស៉ី កត្តាគាំពារនិយមជាសកល និងភាពប្រែប្រួលក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
ក្នុងសុន្ទរកថាប្រចាំឆ្នាំ លោក Merz គូសបញ្ជាក់ថា «យើងកំពុងមើលឃើញកាន់តែច្បាស់ថា ការឈ្លានពានរបស់រុស្ស៉ី គឺជាផ្នែកមួយនៃផែនការដែលមានគោលដៅប្រឆាំងអឺរ៉ុបទាំងមូល» ដោយបន្ថែមថា អាល្លឺម៉ង់ប្រឈមនឹងការបំផ្លិចបំផ្លាញ អំពើចារកម្ម និងការវាយប្រហារតាមអ៉ីនធឺណិតជារៀងរាល់ថ្ងៃ។ លោក Merz បានលើកឡើងទៀតថា បញ្ហាប្រឈមថែមទៀត នោះគឺការគាំពារនិយមក្នុងសេដ្ឋកិច្ចពិភពលោក ហើយការពឹងផ្អែករបស់អឺរ៉ុបលើវត្ថុធាតុដើមនាំចូល កំពុងត្រូវបានប្រើប្រាស់ជាកម្លាំងនយោបាយ។ ក្រៅពីនេះ ភាពជាដៃគូជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកធានាដ៏គួរឱ្យទុកចិត្តនៃសន្តិសុខរបស់អាល្លឺម៉ង់ និងអឺរ៉ុប ក៏កាន់តែមានលក្ខណៈពិបាកជាងមុន ដូច្នេះអឺរ៉ុបត្រូវតែមានទំនុកចិត្ត មិនភ័យខ្លាច ហើយគ្រប់គ្រងបញ្ហាឱ្យបាន។
ទីក្រុងបែឡាំង បានបង្កើនការចំណាយលើវិស័យការពារជាតិ ចាប់តាំងពីឆ្នាំ ២០២៣ ដើម្បីបង្ហាញថាពីការត្រៀមខ្លួនរួចរាល់ ក្នុងការទទួលខុសត្រូវលើវិស័យសន្តិសុខដោយខ្លួនឯង៕










