រដ្ឋាភិបាលរបស់ហ្គាបុងបានព្យួរការងារក្រុមជម្រើសជាតិ ដាក់បម្រាមលើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និងបណ្ដេញគ្រូបង្វឹក Thierry Mouyouma បន្ទាប់ពីពួកគេធ្លាក់ចេញពីពានរង្វាន់ Africa Cup of Nations។
រដ្ឋមន្ត្រីកីឡា Simplice-Desire Mamboula បានប្រកាសពីវិធានការបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល 3-2 ដោយក្រុមកូតឌីវ័រ កាលពីថ្ងៃទី 31 ខែធ្នូ។
ហ្គាបុងបានបញ្ចប់នៅបាតតារាងនៃក្រុមរបស់ពួកគេក្នុងប្រទេសម៉ារ៉ុក បន្ទាប់ពីចាញ់កាមេរូន និងម៉ូសំប៊ិកមុននេះ ការលេងរបស់ពួកគេត្រូវបានចាត់ទុកថា “គួរឱ្យអាម៉ាស់”។
លោក Simplice-Desire Mamboula បានបន្ថែមថា”ដោយសារតែការលេងដ៏អាម៉ាស់នៅ Africa Cup of Nations រដ្ឋាភិបាលបានសម្រេចចិត្តរំលាយបុគ្គលិកគ្រូបង្វឹក ព្យួរការងារក្រុមជម្រើសជាតិរហូតដល់មានការជូនដំណឹងបន្ថែម និងដកចេញកីឡាករ Bruno Ecuele Manga និង Pierre-Emerick Aubameyang” ។
អតីតខ្សែប្រយុទ្ធក្រុម Arsenal និង Chelsea កីឡាករ Aubameyang មិនបានចូលលេងក្នុងការប្រកួតចុងក្រោយក្នុងពូលទេ បន្ទាប់ពីត្រឡប់ទៅ Marseille ដើម្បីព្យាបាលរបួសភ្លៅ។
ការរំសាយក្រុមជម្រើសជាតិធ្លាប់ជាប្រតិកម្មទូទៅមួយនៅទ្វីបអាហ្រ្វិកចំពោះលទ្ធផលគួរឱ្យខកចិត្ត ប៉ុន្តែចាប់តាំងពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាន់ជំហររឹងមាំប្រឆាំងនឹងការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងការដំណើរការសមាគមកីឡាបាល់ទាត់ វាក៏បានក្លាយជារឿងដ៏កម្រមួយ៕










