លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព លោកវរសេនីយ៍ទោ សាខន សារឹម ដែលបានពលីជីវិតនៅសមរភូមិជួរមុខ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពជាតិ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព លោកវរសេនីយ៍ទោ សាខន សារឹម យោធានៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

ពិធីគោរពវិញ្ញាណក្ខ័ន្ធ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ វត្តឈូកមាស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញជាអធិបតី លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ឯក នៃក្រសួងការពារជាតិ លោកមេបញ្ជាការយោធាភូមិភាគ៥ និងមានការចូលរួមកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងរដ្ឋបាលសាលាស្រុក.ក្រុង ។

នៅក្នុងពិធីដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ និងសហការី បានអុជធូប និងដាក់កម្រងផ្កា ដើម្បីសម្តែងនូវការគោរព និងដឹងគុណចំពោះវីរភាពដ៏ខ្ពង់ខ្ពស់របស់លោកវរសេនីយ៍ទោ សាខន សារឹម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិជួរមុខ។ ការបាត់បង់លោកវរសេនីយ៍ទោ សាខន សារឹម គឺជាការបាត់បង់នូវយុទ្ធមិត្តដ៏ល្អ និងជាវីរកងទ័ពដ៏ក្លាហានម្នាក់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាព និងសុវត្ថិភាពរបស់ប្រជាជន ការពលីរបស់លោកបានបន្សល់ទុកនូវកិត្តិយស និងគំរូវីរភាពសម្រាប់កងកម្លាំងប្រដាប់អាវុធជំនាន់ក្រោយ។

...

ដើម្បីជួយសម្រាលបន្ទុកគ្រួសារក្នុងគ្រាដ៏លំបាកនេះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ក៏បាននាំយកនូវថវិការបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន ៥០ម៉ឺនរៀល ឧបត្ថម្ភដល់ក្រុមគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី និងសាសនា ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print