កូនស្រីរបស់លោកគីម ជុងអ៊ុន មកទស្សនាវិមានព្រះអាទិត្យ Kumsusan ជាលើកដំបូង

ចែករំលែក៖

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបង្ហាញថា Kim Ju-ae ដែលជាកូនស្រីរបស់មេដឹកនាំគីម ជុងអ៊ុន បានចូលរួមទស្សនាវិមាន Kumsusan ជាលើកដំបូង ជាកន្លែងដែលជីតានិងជីតាទួតរបស់នាងត្រូវបានបញ្ចុះនៅទីនោះ។

រូបថតដែលបានចេញផ្សាយនៅថ្ងៃនេះដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បង្ហាញពី Kim Ju-ae រួមជាមួយឪពុកម្តាយ និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនៅក្នុងសាលធំនៃវិមានព្រះអាទិត្យ Kumsusan ក្នុងអំឡុងពេលទៅគោរពនៅថ្ងៃទី 1 ខែមករា ឆ្នាំ២០២៦។
KCNA បានរាយការណ៍អំពីដំណើរទស្សនកិច្ចនេះថា “សមាជិកដែលចូលរួមបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ពួកគេក្នុងការបំពេញកាតព្វកិច្ចដោយស្មោះត្រង់នៅជួរមុខ ដើម្បីសម្រេចបាននូវបុព្វហេតុដ៏ពិសិដ្ឋនៃវិបុលភាព និងការអភិវឌ្ឍជានិច្ចរបស់ប្រជាជាតិកូរ៉េដ៏អស្ចារ្យ និងដើម្បីកែលម្អសុខុមាលភាពរបស់ប្រជាជន ដោយរួបរួមគ្នាក្នុងការគាំទ្រមនោគមវិជ្ជានិងភាពជាអ្នកដឹកនាំរបស់លោកគីម ជុងអ៊ុន”។
វិមានព្រះអាទិត្យ Kumsusan គឺជាកន្លែងដែលសាកសពរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអុីល ឪពុករបស់លោកគីម ជុងអ៊ុន និងជាស្ថាបនិកនៃប្រទេស លោកគីម អុីលស៊ុង ជីតារបស់លោកគីម ជុងអ៊ុន ត្រូវបានរក្សាទុក។ លោក គីម ជុងអុីល កើតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៤២ និងបានទទួលមរណភាពនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១។ លោកបានដឹកនាំប្រទេសកូរ៉េខាងជើងអស់រយៈពេល១៧ឆ្នាំ បន្ទាប់ពីមរណភាពរបស់មេដឹកនាំ គីម អុីលស៊ុង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៤។

នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ២០២៣ ដែលលោក គីម ជុងអ៊ុន បានទៅទស្សនាវិមានគុមស៊ូសាននៅថ្ងៃចូលឆ្នាំថ្មី។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២ លោក គីម ជុងអ៊ុន បានទៅទស្សនាវិមាននេះស្ទើរតែរៀងរាល់ឆ្នាំនៅថ្ងៃចូលឆ្នាំថ្មី ប៉ុន្តែបានរំលងវានៅឆ្នាំ២០១៨ ២០២៤ និង២០២៥។
លោកស្រី គីម ជូអេ គឺជាកូនម្នាក់ក្នុងចំណោមកូនបីនាក់របស់លោក គីម ជុងអ៊ុន និងលោកស្រី រី ជុងអ៊ុន។ នាងត្រូវបានគេជឿថាកើតនៅឆ្នាំ២០១២ ហើយជាកូនស្រីទីពីររបស់មេដឹកនាំកូរ៉េខាងជើង នេះបើយោងតាមចារកម្មកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានចេញផ្សាយរូបភាពរបស់លោកស្រី ជូអេ ជាសាធារណៈជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលលោក គីម ជុងអ៊ុន បាននាំកូនស្រីរបស់គាត់ទៅត្រួតពិនិត្យទីតាំងបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប។ ចាប់តាំងពីពេលនោះមក ជូអេ បានបង្ហាញខ្លួនជាញឹកញាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយអមដំណើរឪពុករបស់នាងទៅកាន់ព្រឹត្តិការណ៍សំខាន់ៗ ដែលនាំឱ្យមនុស្សជាច្រើនជឿថា នាងគឺជាបេក្ខជនឈានមុខគេម្នាក់ដើម្បីស្នងតំណែងលោក គីម ជុងអ៊ុន៕ ដោយធីរីណា

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print