ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ឃាត់ខ្លួនបុរសម្នាក់មានឈ្មោះ មៀច ហាន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខD3 ផ្លូវបេតុង ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ តាមដីកាតុលាការ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ចំនួន ១៦ម៉ឺនដុល្លារ ក្នុងការរត់ការឲ្យជនជាតិចិនបានចូលសញ្ជាតិខ្មែរ។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដោយចោទប្រកាន់ថាជនសង្ស័យឈ្មោះ មៀច ហាន បានឆបោកប្រាក់ចំនួន ១៦ម៉ឺនដុល្លារ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការរត់ការចូលសញ្ជាតិខ្មែរ។
ជនសង្ស័យឈ្មោះ មៀច ហាន បានទទួលប្រាក់សរុប ១៦ម៉ឺនដុល្លារ ពីជនរងគ្រោះជាជនជាតិចិន ដោយអះអាងថា ខ្លួនអាចរត់ការយកសញ្ជាតិឲ្យជនរងគ្រោះបាន ហើយបន្ទាន់ពីទទួលបានប្រាក់ពីជនរងគ្រោះរួច ជនសង្ស័យឈ្មោះ មៀច ហាន មិនអាចរត់ការឲ្យជនរងគ្រោះជាជនជាតិចិនចូលសញ្ជាតិខ្មែរបានឡើយ។
ប្រភពពីសមត្ថកិច្ច បានបន្ថែមទៀតថា អស់រយៈពេលជាងមួយឆ្នាំ ជនសង្ស័យឈ្មោះ មៀច ហាន បានព្យាយាមគេចវះ មិនទទួលខុសត្រូវ និងព្រមជួបជនរងគ្រោះដើម្បីដោះស្រាយសងប្រាក់ទៅជនរងគ្រោះវិញឡើយ។ដោយសារដឹងច្បាស់លាស់ថា ជាទង្វើឆបោករបស់ជនសង្ស័យឈ្មោះ មៀច ហាន ទើបជនរងគ្រោះបានពឹងពាក់មេធាវីឲ្យដាក់ពាក្យប្ដឹងជនសង្ស័យទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជួយរកយុត្តិធម៌។
ជនរងគ្រោះសំណូមពរសូមឲ្យតុលាការជួយរកយុត្តិធម៌ជូនគាត់ និងសូមឲ្យផ្តន្ទាទោសជនសង្ស័យទៅតាមច្បាប់ជាធរមាន ដើម្បីកុំឲ្យជននេះអាចបន្តសកម្មភាពឆបោកប្រជាពលរដ្ឋបន្តទៅទៀតបាន៕ដោយ៖តារា










