អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ កម្លាំងសាមគ្គីឯកភាពជាតិដើម្បីការពារប្រយោជន៍ជាតិ គឺជាកត្តាចម្បងជាងគេបង្អស់ដែលយើងត្រូវប្រើនៅក្នុងដំណាក់កាលនេះ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃចន្ទទី៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា កត្តាអំណោយផលទាំងឡាយនៅក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីដោយផ្អែកលើការទូតនិងច្បាប់អន្តរជាតិយើងមាននៅក្នុងដៃអស់ហើយនោះគឺ នយោបាយការទូតដ៏ត្រឹមត្រូវនិងសកម្មរបស់រាជរដ្ឋាភិបាលក៏មានហើយ, ឯកសាររឹងមាំដែលការពារដោយច្បាប់អន្តរជាតិដែលជាប្លង់រឹងរបស់កម្ពុជាក៏យើងមាន, ជំហររបស់សហគមន៍អន្តរជាតិក៏ឈរជាមួយជំហររបស់រាជរដ្ឋាភិបាល ក៏យើងមាន, ចំណែកឯកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំក៏យើងមានដែរ ខណៈដែលកម្ពុជានិងថៃបានឯកភាពប្រើប្រាស់យន្តការដែលមានស្រាប់ និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥។

ដូច្នេះ ផ្លូវដែលយើងកំពុងដើរឈានទៅការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គឺជាផ្លូវដែលយើងត្រូវមានសុទិដ្ឋិនិយមបំផុត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ បានបញ្ជាក់ថា អ្នកដែលចង់បានទឹកដីយើងបាននិងកំពុងប្រើវិធីគ្រប់បែបយ៉ាងដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់យើងពីព្រោះពួកគេយល់ឃើញថា ទាល់តែពួកគេបំបែកកម្លាំងដ៏រឹងមាំនេះបានទើបគេងាយស្រួលក្នុងការសម្រេចមហិច្ឆតាបំពាន ទន្ទ្រានទឹកដីយើង។ ស្របពេលជាមួយគ្នានោះ ក៏មានក្រុមប្រឆាំងជ្រុលនិយមខ្មែរមួយក្តាប់តូចដែលរស់នៅក្រៅប្រទេសក៏បានធ្វើខ្លួនជាអ្នកបម្រើយ៉ាងសកម្មឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ប្រទេសដែលកំពុងបំពាន និងទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា។

ប៉ុន្តែ ជាភ័ព្វសំណាងដែលបងប្អូនប្រជាពលរដ្ឋយើងចេះបែងចែកអាក្រក់និងល្អ សនិងខ្មៅ ហើយបានផាត់ចេញភ្លាមដោយស្វ័យប្រវត្តិនូវសង្គ្រាមចិត្តសាស្ត្រដ៏អាក្រក់នេះមិនឱ្យចូលមកបំពុលសតិអារម្មណ៍របស់ខ្លួនបានឡើយ។

...

សូមបងប្អូនចងចាំថា កម្លាំងសាមគ្គីឯកភាពជាតិដើម្បីការពារប្រយោជន៍ជាតិ គឺជាកត្តាចម្បងជាងគេបង្អស់ដែលយើងត្រូវប្រើនៅក្នុងដំណាក់កាលនេះ និងផ្តល់ទំនុកចិត្តទាំងស្រុងទៅលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំយើងដែលមានជំហរយ៉ាងប្តូរផ្តាច់និងច្បាស់លាស់បំផុតក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីឱ្យបានតាមផ្លូវការទូតនិងច្បាប់អន្តរជាតិ។ នេះជាក្តីសង្ឃឹមនិងជាផ្លូវដ៏ត្រឹមត្រូវដែលយើងត្រូវរួមគ្នាឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវនិងយុត្តិធម៌បំផុតសម្រាប់ជាតិយើង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print