ភ្នំពេញ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ បានលេីកឡេីងថា មានការជជែកគ្នាថា សង្គ្រាមលើកទី៣រវាងថៃ និងកម្ពុជាអាចនឹងកើតមានឡើងជាថ្មីម្តងទៀត។ សម្រាប់ការវិភាគរបស់លោក គឺភាគរយតិចណាស់ដែលអាចនឹងផ្ទុះអាវុធជាលើកទី៣ ។ ពីព្រោះថា៖
– សង្រ្គាមធ្វើឲ្យថៃខាតបង់ច្រើនណាស់ទាំងការចំណាយថវិកាធ្វើសង្រ្គាម សេដ្ឋកិច្ចធ្លាក់ខ្លាំងបើប្រៀបធៀបទៅនឹងកំណើតសេដ្ឋកិច្ចមុនពេលធ្វើសង្រ្គាមជាមួយកម្ពុជា។
-ប្រជាជនថៃភាគច្រើនមិនចង់ឲ្យមានសង្រ្គាមទេ។
– បើថៃនៅតែបន្តសង្រ្គាម នោះថៃនឹងជួបការទទួលទណ្ឌកម្មការទូត រងសម្ពាធអន្តរជាតិ រងនូវបណ្តឹងជាច្រើននៃការបំពានលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌។
– ការបោះឆ្នោតកាន់តែខិតជិតមកដល់ បញ្ហាផ្ទៃក្នុងនៅក្នុងនយោបាយថៃមានភាពចម្រូងចម្រាសដែលចាំបាច់ត្រូវត្រៀមខ្លួនយកប្រៀបលើការបោះឆ្នោតក្នុងខែ ០២នេះ ។
-នៅក្នុងសហគមន៍អាស៊ានមិនគាំទ្រឲ្យមានជម្លោះនៅក្នុងសមាជិកអាស៊ានខ្លួនឯង។
– ទោះបីជាថៃកាន់កាប់ដីដោយខុសច្បាប់បានមកពីការធ្វើសង្រ្គាមជាមួយកម្ពុជាក៏ដោយក៏ថៃមិនអាចគ្រប់គ្រងដែនដីបានយូរនោះទេ។
បន្ថែមពីនេះ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ជាសរុបសេចក្តីមក សង្រ្គាមលើកទី៣ អាចនឹងមិនកើតមានក្នុងរយ:ពេលនេះបានទេ។ ជាទស្សន:របស់ខ្ញុំផ្ទាល់៕
ដោយ៖តារា










