ភ្នំពេញ៖ ក្រុមហ៊ុនចម្រាញ់ប្រេងខ្មៅ ប្រេងម៉ាស៊ូតជាច្រើននៅកម្ពុជា ត្រូវបានរាយការណ៍ថា កំពុងធ្វើសកម្មភាពដោយមិនបានគោរពក្រមបរិស្ថាន និងមិនបានវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថានជាមុន ហើយបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងសហគ្រាសស៊ីនសេងតុង អេនើជី (ខេមបូឌា) ឯ.ក របស់ជនជាតិចិន មានទីតាំងនៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាសហគ្រាសចម្រាញ់ប្រេងម៉ាស៊ូត ដែលធ្វើសកម្មភាពដោយមិនគោរពក្រមបរិស្ថាន និងមិនបានវាយតម្លៃជាមុនលើបច្ចេកទេសបរិស្ថាន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
កាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ សហគ្រាសនេះ ធ្លាប់បានបង្កការលេចធ្លាយសំណល់ប្រេងទៅក្រៅធ្វើឱ្យប៉ះពាល់លើដីស្រែប្រជាពលរដ្ឋក្បែរខាងចំនួនប្រមាណ២ហិកតា ខូចសន្ទូង ខូចគុណភាពទឹក គុណភាពដី និងប្រព័ន្ធជីវៈចម្រុះជាច្រើនទៀត។ នៅថ្ងៃទី៣ ខែមករា ដើមឆ្នាំ២០២៦នេះ សហគ្រាសដដែលនេះ បានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងគុណភាពខ្យល់។
បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រៅពីសហគ្រាសស៊ីនសេងតុង អេនើជីនេះទៅ នៅមានក្រុមហ៊ុន សហគ្រាសចម្រាញ់ប្រេងខ្មៅ ប្រេងម៉ាស៊ូតជាច្រើនទៀត ធ្វើសកម្មភាពដោយមិនគោរពនូវក្រមបរិស្ថាន និងមិនបានវាយតម្លៃផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវនោះទេ។ សកម្មភាពរបស់រោងចក្រ សហគ្រាសទាំងនេះកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ ក៏ដូចជាជីវៈចម្រុះនៅកម្ពុជា។
នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំ និងចង្អុលបង្ហាញក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបីគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទី១ គឺភាពស្អាត សំដៅធ្វើយ៉ាងណាឱ្យកម្ពុជា មានភាពស្អាតទាំងក្នុងទឹក នៅលើដី និងលើមេឃ នោះគឺត្រូវធ្វើការសម្អាតផ្ទះយើង សង្គមយើង ប្រទេសយើងឱ្យមានភាពស្អាត ដើម្បីធនាការពារបរិស្ថាន សុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ។
ការធ្វើសកម្មភាពរបស់រោងចក្រ សហគ្រាសចម្រាញ់ប្រេងខ្មៅ ប្រេងម៉ាស៊ូត ដោយមិនខ្វាយខ្វល់ពីក្រមបរិស្ថាន មិនខ្វល់ពីផលប៉ះពាល់បរិស្ថាន គឺធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់បរិស្ថាន និងបំផ្លាញកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើបញ្ហាបរិស្ថានផងដែរ។ ដូច្នេះក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់នូវសកម្មភាពបង្កវិនាសកម្មបរិស្ថាន និងសុខភាពមនុស្ស សត្វនៅកម្ពុជា។ ជាពិសេសនោះ មិនគួរមានអ្នកកាងចំពោះសកម្មភាពវិនិយោគ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើបរិស្ថានបែបនេះនោះឡើយ៕
ដោយ៖តារា










