ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី អមសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ ដែលបានបញ្ជូនមកសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា ១៧៩) រាជធានីភ្នំពេញ ។
វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង។
ជាមួយគ្នានេះក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។
ក្នុងវេលានេះដែរ សម្តេចពិជ័យសេនា បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ ៕ដោយ៖តារា










