ភ្នំពេញ៖ ជនជាតិកូរ៉េខាងត្បូងចំនួន៣២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឆ្មក់បង្រ្កាបនិងឃាត់ខ្លួនបានពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសឆបោកអនឡាញ ក្នុងទីតាំង ៤ផ្សេងគ្នា ស្ថិតនៅភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះដែរ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតសម្ភារៈវត្ថុតាងកុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួន ក្នុងនោះរកឃើញថា ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជម្រិតគំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញនាំខ្លួនយកទៅសាកសួរ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងដេីម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖តារា










