ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ច កងនគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះប្រតិបត្ដិការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។
លោកបានបញ្ជា បែបនេះនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ ក្រោមឱវាទសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរហើយ តែយើងមិនត្រូវភ្លេចខ្លួននោះទេ គឺត្រូវរឹតបណ្តឹងជាប់ជាប្រចាំ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវពិនិត្យឡើងវិញ ទាំងទ្រង់ទ្រាយតូចនិងទ្រុងទ្រាយធំ។ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គឺត្រូវបង្ក្រាបភ្លាម។ ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាបឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបានបន្ដថា៖ ឥឡូវនេះ ផ្លូវថ្មើជើងចតុមុខ ទទួលបានជោគជ័យយ៉ាងធំធេងសំរាប់រាជធានីភ្នំពេញទៅតាមការចង្អុលណែនាំពីសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។ ការទទួលបានភាពជោគជ័យនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនិងអាជ្ញាធររបស់យើងទាំងអស់គ្នា ហើយពិសេសថែមទៀតនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋ។ផ្លូវថ្មើជើងចតុមុខ បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ ក្នុងចំណោម ២០ ប្រទេសលើពីភពលោក។ បន្ថែមពីនេះ សំរាប់ការប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ទិវាជ័យជម្នះ ៧មករាស្អែកនេះ លោក ឃួង ស្រេង ក៏បានណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ បំផុសចលនាប្រជាពលរដ្ឋឱ្យដាក់ទង់ជាតិ និងសំអាតបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ស្អាត។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា៖ ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាស្មុកស្មាញរបស់កម្លាំងមានសមត្ថកិច្ច ដោយជនល្មើសប្រើប្រាស់យុទ្ធសាស្ត្រចម្រុះដើម្បីឆបោកជនរងគ្រោះដែលមិនសូវយល់ដឹងពីបច្ចេកវិទ្យា។ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា៖ ពាក់ព័ន្ធនិង (ONLINE SCAMS)នេះ កម្លាំងមានសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការណ៍បង្រ្កាបជាប្រចាំ៕ ដោយ សំរិត










